កម្ពុជា

សម រង្ស៊ី ប្រកាស​ធ្វើពហិការ​កាសែត ភ្នំពេញប៉ុស្ដិ៍

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានប្រកាសធ្វើពហិការសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ (Phnom Penh Post) ដែលចេញផ្សាយជាពីរភាសា ក្នុងប្រទេសកម្ពុជា ដោយលោកបានគិតថា ខ្សែបន្ទាត់នៃសារព័ត៌មានមួយនេះ មាននិន្នាការ«លំអៀងខ្លាំង»។

លោក សម រង្ស៊ី បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងពីជំហររបស់លោកដូច្នេះ កាលពីប៉ុន្មាននាទីមុន។

ជំហរខាងលើ ធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរប្រាប់សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ កាលពីព្រឹកម៉ិញ ឲ្យឈប់សរសេរដាក់​នៅក្នុងអត្ថបទ និងសេចក្ដីរាយការណ៍របស់ខ្លួន នូវឃ្លាមួយដែល​លោក សម រង្ស៊ី សរសេរ​​ជាភាសា​អង់គ្លេសថា «Rainsy could not be reached for comment (មានន័យជាខេមរភាសា​ថា លោក សម រង្ស៊ី មិនអាចទាក់ទង ដើម្បីធ្វើអត្ថាធិប្បាយ​បានទេ)»។

មេដឹកនាំប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបញ្ជាក់បន្ត ទៅកាសែតចេញផ្សាយពីរភាសាទៀតថា៖

«នៅពេលណា លោក (សារព័ត៌មានភ្នំពេញប៉ុស្ដិ៍) ចង់បានការបញ្ជាក់ពីខ្ញុំ លោកអាចប្រើឃ្លានេះបាន “សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ក្នុងពេលបច្ចុប្បន្ននេះ សរសេរមានភាព”លំអៀងខ្លាំង”។ ដូច្នេះវាមិនស័ក្ដិសម នឹងទទួលបានការឆ្លើយតបវិញទេ។ សូមអានសារព័ត៌មានអន្តរជាតិ ដើម្បីទទួលបានព័ត៌មាន ចំទិសដៅច្រើនទៀត (ជុំវិញប្រទេសកម្ពុជា)។“»

កាលពីសប្ដាហ៍មុន លោក សម រង្ស៊ី ក៏បានលើកដូច្នេះម្ដងហើយ និងទទួលបានការឆ្លើយតបភ្លាមៗមកវិញ ពីស្ថាប័នភ្នំពេញប៉ុស្ដិ៍ នៅពេលនោះថា៖

«សូមអរគុណ ដែលបានអានសារព័ត៌មានភ្នំពេញប៉ុស្ដិ៍។ សូមមេត្តាជួយបញ្ជាក់ ដោយបំណងល្អ និងប្រកបដោយគោលដៅជាក់លាក់ អំពីអ្វីដែលជាការអះអាងខាងលើរបស់លោក។ យើងតែងតែផ្ដល់ឱកាស ទៅគ្រប់ភាគី ជាមួយនឹងវិជ្ជាជីវៈដ៏ខ្ពស់បំផុត ហើយសង្ឃឹមថា នឹងទទួលបានសុភវិនិច្ឆ័យ ត្រឡប់មកវិញដែរ។»

របាយការណ៍ចុងក្រោយ មានទាក់ទងលោក សម រង្ស៊ី ដែលចេញផ្សាយដោយកាសែតភ្នំពេញប៉ុស្ដិ៍ មានដូចជាអត្ថបទ «លេច​ចម្រៀង​ថ្មី​ ពេល​ឱសាន​វាទ​នៃ​ការ​ភ្នាល់​សេរីភាព​លោក​ កឹម​ សុខា​ ជិត​មក​ដល់» និងអត្ថបទ «សហជីព​មួយ​ចំនួន​ព្រមាន​ឆ្លើយ​តប​ទៅ​លោក​ សម រង្ស៊ី​ បើ​ EU ដក EBA»។

នៅក្នុងរបាយការណ៍ទាំងពីរនោះ គេឃើញសារព័ត៌មានមួយនេះ ស្រង់ប្រភពពីមន្ត្រីមួយចំនួន ដែលស្និតរដ្ឋាភិបាលលោក ហ៊ុន សែន និងពីអ្នកវិភាគខ្លះទៀត។ តែសារព័ត៌មាន​ភ្នំពេញប៉ុស្ដិ៍ មិនបានស្រង់ប្រភព ដែលចេញផ្ទាល់​ពីលោក សម រង្ស៊ី ឬចេញ​ពី​មជ្ឍដ្ឋានដែលស្និតលោក សម រង្ស៊ី មកសរសេរ​ដាក់ក្នុងអត្ថបទ​របស់ខ្លួន​នោះទេ ខណៈអត្ថបទទាំងនោះ មិនមែនជាព័ត៌មានទាន់ហេតុការណ៍ ដែលត្រូវផ្សាយភ្លាមៗឡើយ។

ការចោទប្រកាន់របស់លោក សម រង្ស៊ី ត្រូវបានអគ្គនាយកសារព័ត៌មាន​ភ្នំពេញប៉ុស្ដិ៍ លោក លី តៃសេង ប្រតិកម្មប្រាប់​​​សារព័ត៌មាន​ក្នុងស្រុក កាលពីពេល​ថ្មីៗនេះថា ​សារព័ត៌មានរបស់លោក មិនបានលំអៀងទេ និងស្ថិតក្នុង«ភាពឯករាជ្យ ជាមួយវិជ្ជាជីវៈ»។ លោកថា បើសារព័ត៌មានលោក ទទួលបានដំណឹងអ្វី លោកចុះផ្សាយដោយផ្តល់វេទិកា គ្រប់ភាគីពាក់ព័ន្ធ។

សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ ត្រូវបានទិញយក នៅចុងខែមេសា ឆ្នាំ២០១៨ ដោយលោក «Sivakumar S.​ Ganapathy» អតីតអ្នកសារព័ត៌មាន​ជាតិម៉ាឡេស៊ីម្នាក់ ដែលធ្លាប់ធ្វើការ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការផ្លាស់ប្ដូរម្ចាស់អ្នកគ្រប់គ្រង បានកើតឡើង​បន្ទាប់ពី​សារព័ត៌មានចំណាស់ ជាង២៦ឆ្នាំមួយនេះ រងការត្រួតពិនិត្យផ្ទួនៗ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការបង់ពន្ធ។

ក្រោយពីលោក «Sivakumar S.​ Ganapathy» បានចូលមកកាន់តំណែង ជាអភិបាលក្រុមហ៊ុន ដែលគ្រប់គ្រងសារព័ត៌មាននេះ នៅដើមខែឧសភា ឆ្នាំ២០១៨ អត្ថបទដ៏រសើបមួយចំនួន ត្រូវបានដកចេញពីការផ្សាយ ហើយ​និពន្ធនាយក​​ដែលបាន​កាន់តួនាទី​ជា​យូរមកហើយ ត្រូវបាន​បណ្ដេញ​ចេញ​ពីការងារ។ ការចាកចេញ​របស់​និពន្ធនាយក​រូបនោះ បានបណ្ដាលឲ្យបុគ្គលិកជាច្រើននាក់ទៀត ក៏បានសម្រេចចិត្តលាឈប់ពីការងារដែរ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។