កម្ពុជា

ក្រសួងមហាផ្ទៃថា អ្នកជាប់ឃុំម្នាក់​​ត្រូវបាន​រកឃើញ​«វិជ្ជមានកូវីដ-១៩»

ក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា អ្នកជាប់ឃុំម្នាក់ ត្រូវបានធ្វើតេស្ដិ៍ បង្ហាញលទ្ធផល«វិជ្ជមានកូវីដ-១៩» ពីក្នុងចំណោមការធ្វើតេស្ដិ៍ ទៅលើអ្នកជាប់ឃុំ​ជាង១០០នាក់ ដែលបានសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងករណីលោក ឆែម សាវុធ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ ដែលត្រូវបានរកឃើញ«​វិជ្ជមានកូវីដ-១៩» កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០។

ការបង្ហើបឲ្យដឹង​របស់ក្រសួងមហាផ្ទៃ ធ្វើឡើងតាមរយៈលិខិតជាផ្លូវការមួយ ដែលរដ្ឋាភិបាលកម្ពុជា​ បានឆ្លើយតបទៅនឹងក្ដីកង្វល់ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដែលបានដាក់លិខិត​ចោទសួរ ទៅរដ្ឋាភីបាល កាលពីដើមខែធ្នូ​។

អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួនពីររូប ក្នុងនោះមានអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​មួយរូបផង បានផ្ញើលិខិតមួយច្បាប់ កម្រាស់៥ទំព័រ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ជូនរដ្ឋាភិបាល​កម្ពុជា ដើម្បីស្នើសុំឲ្យមានការបកស្រាយបំភ្លឺ និងព័ត៌មានបន្ថែម អំពីវិធានការនានា ដែលនឹងត្រូវអនុវត្ត​ដើម្បីធានាថា អ្នកជាប់ឃុំទាំងអស់ នៅក្នុងពន្ធនាគារទាំងឡាយ ដែលលោក ឆែម សាវុធ បានចុះទៅធ្វើ​ទស្សនកិច្ច មានសិទ្ធិទទួលបាន​ការធ្វើតេស្ត​ជំងឺកូវីដ-១៩ ការថែទាំ​សុខភាព​សមស្រប ក្នុងករណីដែលពួកគេ​មានឆ្លងជំងឺកូវីដ-១៩ និងវិធានការបង្ការ ដើម្បីគ្រប់គ្រង​ការរីករាលដាល នៃមេរោគ​ជំងឺកូវីដ-១៩ នេះ។

ឆ្លើយតបនឹងលិខិតរបស់ក្រុមអ្នកជំនាញ ក្រសួងមហាផ្ទៃបានអះអាង ក្នុងលិខិតចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ថាក្រសួងបានចាត់វិធានការចាំបាច់ជាច្រើន ដើម្បីការពារការរាតត្បាត និងធ្វើកិច្ចអន្តរាគមន៍រហ័ស ដោយបានបង្កើតជាក្រុមការងារមួយឡើង ជាមួយមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លង របស់ក្រសួងសុខាភិបាល។ លិខិតបានសរសេរបន្តថា៖

«អ្នកជាប់ឃុំ​ ទទួលបានការបណ្តុះបណ្តាល អំពីរបៀបតាមដានរោគសញ្ញា ការការពារ ការរាយការណ៍ និងការឆ្លើយតប។ រីឯបុគ្គលិក​ពន្ធនាគារ ត្រូវបានហ្វឹកហាត់ ឲ្យចេះប្រើប្រាស់ឧបករណ៍ធ្វើតេស្តិ៍ ការវេចខ្ចប់សំណាក​ទៅកាន់មន្ទីរពិសោធន៍ និងការឆ្លើយតបបន្ទាន់។ ថ្នាំសម្លាប់មេរោគ “Chlorite” ត្រូវបានបាញ់ប្រចាំសប្តាហ៍ នៅតាមអាគារដាក់អ្នកទោស បន្ទប់នីមួយៗ ទៅលើរថយន្ដដឹកអ្នកទោស  ប៉ុស្តិ៍សុខភាព និងកន្លែងរដ្ឋបាលទូទៅ ស្របតាមគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។»

«យ៉ាងនេះក្ដី អ្នកជាប់ឃុំ ជាង១០០នាក់ ដែលរងការសង្ស័យ ក្នុងការបង្ហាញ​អាការៈ​ជំងឺកូវីដ-១៩ ត្រូវបានយកសំណាក ទៅធ្វើតេស្ដិ៍ ដោយបានបង្ហាញលទ្ធផលអវិជ្ជមានទាំងអស់ លើកលែងតែមួយករណីប៉ុណ្ណោះ ដែលត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ពីក្នុងបណ្ដា​ពន្ធនាគារទាំងអស់ នៅកម្ពុជា។»

មិនមានរបាយការណ៍ឯករាជ្យណាផ្សេង អាចបញ្ជាក់បន្ថែម ពីលើការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជាខាងលើនេះទេ។ តែការបង្ហើបឲ្យដឹងខាងលើ បានបញ្ជាក់ពីករណីឆ្លងដំបូង នៅក្នុងពន្ធនាគារកម្ពុជា ដែលរងការរិះគន់ថា តូចចង្អៀត និងខ្វះអនាម័យ។

លោកអ្នកអាចពិគ្រោះលំអិត ដោយទាញយកលិខិតទាំងពីច្បាប់ តាមរយៈខ្សែភ្ជាប់ខាងក្រោម៖

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។