កម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាង​កំពុង​បង្កើតច្បាប់​ការពារ​អ្នកជំងឺ​ក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា ក្រសួងរបស់លោកកំពុងតាក់តែងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដោយរួមបញ្ចូលចំណុចមួយ នោះគឺអ្នកជំងឺឬក្រុមគ្រួសារ ដែលសង្ស័យថាពេទ្យព្យាបាលខ្លួន ដោយមិនត្រឹមត្រូវនោះ អាចទាមទារឲ្យមាន«ការអង្កេតឯករាជ្យ»មួយបាន។

ការលើកឡើងនេះ ត្រូវបានលោករដ្ឋមន្ត្រីពន្យល់ថា ដើម្បីបង្កការជឿជាក់ ទៅលើការព្យបាលក្នុងស្រុក ជាជាងចេញទៅព្យាបាល នៅក្រៅស្រុក ដែលលោកអះអាងថា «តាមពិត» គឺគ្រូពេទ្យបរទេសទាំងនោះ គ្រាន់តែចង់យកអ្នកជំងឺខ្មែរ ដែលឈឺជំងឺ«ធ្ងន់» និង«មានលុយ» ទៅដកពិសោធន៍ប៉ុណ្ណោះ។

លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុនថា៖

«ខ្ញុំទទួលស្គាល់ថា សមត្ថភាពពេទ្យ​យើងមួយចំនួន​នៅទាប តែខ្ញុំបានដឹងរឿងមួយចំនួនដែលបងប្អូនខ្មែរយើងយល់ថា មានតែពេទ្យក្រៅប្រទេស​ដែលល្អ។ តាមពិតជំងឺសាមញ្ញគេពូកែមែន តែបើដល់រឿងជំងឺធ្ងន់ និងជំងឺកែលែងឡើង ហើយគេដឹងថា យើងមានលុយទៀត គេហុតឈាមទាំងរស់។»

«ម្យ៉ាង គេចង់ដកពិសោធន៍ពីជំងឺ ដែលគេមិនសូវជួប ម្យ៉ាងគេចង់សាកថ្វីដៃគេ តាមវិធីថ្មី ម៉្យាងឆ្លៀតយកលុយ ព្រោះបើគង់តែងាប់ដដែល ខ្មែរគ្មានលទ្ធភាព និង គ្មានបណ្តាញនឹងទារគេសងលុយទេ។»

លោក«រដ្ឋមន្ត្រីក្រសួងព័ត៌មាន» ដែលកំពុងខ្វល់​ពីបញ្ហា​«សុខាភិបាល» បានបន្តថា៖

«ខ្ញុំនិយាយនេះ អ្នកណាដែលប៉ះខ្លួនឯងពិតជាដឹង តែមិននិយាយ ព្រោះបានជាអួតពេទ្យស្រុកគេ បង្អាប់ពេទ្យស្រុកឯងទៅហើយ។ ក្រសួងព័ត៌មានកំពុងតាក់តែងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្នុងនោះមានចំនុចដែលថា អ្នកដែលសង្ស័យថា ពេទ្យមើលមិនត្រឹមត្រូវ អាចទាមទារ​ការអង្កេតមួយ​ឯករាជ្យបាន ហើយពេលនោះ ជាសន្សឹមៗយើងនឹងជឿ លើពេទ្យរបស់យើង ជាជាងយកបងប្អូនយើង ទៅអោយពួកពេទ្យបរទេស យកបងប្អូនយើងជារបស់ពិសោធន៍។»

ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ទទួលបានការចែករំលែកយ៉ាងច្រើន នៅលើបណ្ដាញសង្គម។ តែពីក្នុងចំណោមនោះ ក៏មានប្រតិកម្មជំទាស់​តបវិញដែរ។ ប្រតិកម្មខ្លះដែលអាចធ្វើឲ្យលោករដ្ឋមន្ត្រី ឆ្លើយមិនរួចនោះ មានដូចយ៉ាងខាងក្រោមជាដើម៖

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។