«មិត្តភាពអាមេរិក-កម្ពុជា – នីតិរដ្ឋ និងសុខភាពនិងសុខមាលភាព របស់ពលរដ្ឋកម្ពុជា» ទាំងនេះ ជាប្រធានបទដ៏សំខាន់ នៅក្នុងជំនួប រវាងឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងរសៀលថ្ងៃអង្គារនេះ។
លោកឯកអគ្គរដ្ឋទូត នៃប្រទេសមហាអំណាច បានលើកឡើងដូច្នេះ នៅលើទំព័រទ្វីសធើរ របស់លោក ជាមួយនឹងរូបថតមួយសន្លឹក ដែលបង្ហាញពីជំនួប រវាងរូបលោក និងលោក កឹម សុខា។ លោក ម័រហ្វី បានសរសេរ ជាភាសាអង់គ្លេស និងត្រូវបានពន្យល់ ជាខេមរភាសាថា៖
«ជាជំនួបដ៏ល្អ ជាមួយឯកឧត្ដម កឹម សុខា សម្រាប់ការពិភាក្សា ដ៏សំខាន់មួយ ស្ដីពីមិត្តភាពអាមេរិក-កម្ពុជា – នីតិរដ្ឋ និងសុខភាព និងសុខមាលភាព របស់ពលរដ្ឋកម្ពុជា នៅចំពោះការរាតត្បាត ជាសកល។»
ជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក បានប្រព្រឹត្តិទៅ រេលាម៉ោង៤រសៀល ក្នុងគេហដ្ឋានរបស់លោក កឹម សុខា នារាជធានីភ្នំពេញ។ ប៉ុន្តែមិនមែន មានតែលោក ប៉ាទ្រីក ម័រហ្វី ប៉ុណ្ណោះទេ មេដឹកនាំគណបក្សប្រឆាំង នៅបានទទួលជួប ជាមួយឯកអគ្គរាជទូត – ឯកអគ្គរដ្ឋទូត ជាច្រើននាក់ទៀត ដែលសុទ្ធសឹង មកពីប្រទេសប្រជាធិបតេយ្យ នៅក្នុងពិភពលោក តាំងពីច្រើនថ្ងៃមកហើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកជំនួបទាំងនោះ ថាជាការសួរសុខទុក្ខគ្នាធម្មតា រវាងលោក កឹម សុខា និងមន្ត្រីការទូតបរទេស ដែលជា«អ្នកស្គាល់គ្នា»។
ប៉ុន្តែលោក កឹម សុខា បានអះអាងតបវិញថា ជំនួបទាំងនេះ មិនគ្រាន់ជាជំនួបសួរសុខទុក្ខ ធម្មតានោះឡើយ។ ប្រធានគណបក្សប្រឆាំង បានបញ្ជាក់ដូច្នេះ នៅក្រោយជំនួប រវាងរូបលោក និងឯកអគ្គរដ្ឋទូតអាមេរិកថា៖
«ក្នុងជំនួបនេះ យើងមិនត្រឹមតែសួរសុខទុក្ខគ្នា និងក្រុមគ្រួសារផ្ទាល់ទេ ដោយលើសពីនេះទៅទៀត យើងបានពិភាក្សា អំពីបញ្ហាសុខភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺ កូវីដ-១៩ កំពុងរាលដាល ក្នុងពិភពលោក និងពីផលវិបាក លើវិស័យសេដ្ឋកិច្ច និងសង្គម នៅពេលអនាគត ដែលចាំបាច់ តម្រូវឲ្យមានការរួបរួមគ្នា ដោះស្រាយបញ្ហាប្រឈម ទាំងនោះ៕»