សភាសហភាពអ៊ឺរ៉ុប (EU Parl) ដែលមានទីតាំងនៅក្រុងស្ត្រាប៊ួរ (Strasbourg) ប្រទេសបារាំង បានស្នើឲ្យកម្ពុជា និងថៃ ត្រូវធ្វើការស៊ើបអង្កេត ឲ្យបានម៉ត់ចត់ និងជាបន្ទាន់ ចំពោះករណីលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជននយោបាយថៃ ដែលត្រូវបានចាប់ពង្រត់ នៅខាងមុខលំនៅដ្ឋានរបស់លោក កណ្ដាលរាជធានីភ្នំពេញ កាលពីដើមខែកន្លងមក។
តាមរយៈសេចក្ដីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មេដឹកនាំបីរូប របស់សភាអ៊ឺរ៉ុប បានសំដែងការខ្វល់ខ្វាយ ចំពោះហេតុការណ៍នេះ និងចំពោះសេចក្ដីរាយការណ៍ ដែលបានឲ្យដឹងថា មានការចាប់បញ្ជូនខ្លួន អ្នកនយោបាយប្រឆាំង រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល នៅក្នុងតំបន់អាស៊ាន។
សេចក្ដីថ្លែងការណ៍បានសរសេរថា៖
«យើងសូមរំឭកថា ការចាប់ពង្រត់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញា អន្តរជាតិ សម្រាប់ការពារមនុស្សទាំងអស់ ពីការបាត់ខ្លួនដោយបង្ខំ និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ អាជ្ញាធរជាតិ ត្រូវតែធានាថា ឧក្រិដ្ឋកម្មបែបនេះ ត្រូវបានស៊ើបអង្កេត ប្រកបដោយប្រសិទ្ធភាព ហើយអ្នកដែលទទួលខុសត្រូវ ត្រូវបាននាំយកមកកាត់ទោស។»
ប្រភពជាច្រើនបានអះអាងថា សកម្មជនប្រជាធិបតេយ្យថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បាននិរទេសខ្លួន មករស់នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤។ សាក្សីច្រើននាក់ដែលត្រូវបានស្រង់សំដី ដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) បានអះអាងថា សកម្មជនរូបនេះ ត្រូវបានចាប់ពង្រត់ ពីខាងមុខអាគារស្នាក់នៅរបស់លោក នៅវេលាម៉ោងប្រមាណ ជាង៥ល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយជនបិទមុខមួយក្រុម ប្រដាប់ដោយអាវុធ។
សម្រាប់អាជ្ញាធរកម្ពុជា បានអះអាងថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មិនបានមកសុំពន្យាពេលទិដ្ឋាការ តាំងពីឆ្នាំ២០១៧ និងបានបាត់ដំណឹង ពីពេលនោះរហូតមក។
ប៉ុន្តែក្រុមមេដឹកនាំសភា នៃសហភាពអ៊ឺរ៉ុប បានសំដែងក្ដីបារម្ភទៀតថា ការបាត់ខ្លួនសកម្មជនរូបនេះ ទំនងជាជាប់ទាក់ទង នឹងការផ្លាស់ប្ដូរអ្នកនយោបាយប្រឆាំង ដោយអាជ្ញាធររដ្ឋាភិបាល នៅក្នុងសមាគមប្រជាជាតិអាស៊ាន។ ក្រុមមេដឹកនាំសភាអ៊ឺរ៉ុបបានព្រមានឡើងថា៖
«វាជាការចាំបាច់ណាស់ ក្នុងគោរពគោលការណ៍ នៃការមិនបញ្ជូនជនភៀសខ្លួន ទៅកាន់ប្រទេសដើមវិញ ដែលត្រូវបានការពារ ដោយច្បាប់អន្តរជាតិ។»
សេចក្ដីថ្លែងការណ៍ បានសង្កត់ធ្ងន់ទៀតថា៖
«យើងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធានាថា សិទ្ធិរបស់បណ្ដាជនទាំងនោះ ដែលស្វែងរកទីជម្រក ដើម្បីភៀសខ្លួននៅក្រៅប្រទេស ត្រូវបានគោរព ហើយសុវត្ថិភាពរបស់ពួកគេ ត្រូវបានធានា។ សេរីភាពនៃការបញ្ចេញមតិ គឺជាផ្នែកសំខាន់មួយ នៃសិទ្ធិទាំងនេះ។ វារាប់បញ្ចូលទាំងសិទ្ធិ នៃការបញ្ចេញមតិដោយសន្តិវិធី របស់សម្លេងប្រឆាំងនោះផង។»
មេដឹកនាំសភាអ៊ឺរ៉ុបទាំង៣រូប រួមមាន៖
អ្នកស្រីតំណាងរាស្ត្រ «Heidi Hautala» មកពីប្រទេសហ្វាំងឡង់ អនុប្រធានសភាអ៊ឺរ៉ុប ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេតយ្យ និងសហគមន៍ពានរង្វាន់ «Sakharov»។
អ្នកស្រីតំណាងរាស្ត្រ «Maria Arena» មកពីប្រទេសប៊ែលហ្សិក ប្រធានគណៈកម្មការ នៃសភាអ៊ឺរ៉ុប ទទួលបន្ទុកសិទ្ធិមនុស្ស។
លោកតំណាងរាស្ត្រ «Daniel Caspary» មកពីប្រទេសអាល្លឺម៉ង់ ប្រធានគណៈប្រតិភូសភាអ៊ឺរ៉ុប ទទួលបន្ទុកទំនាក់ទំនង ជាមួយបណ្ដាប្រទេស នៅអាស៊ីប៉ែកអាគ្នេយ៍ និងជាមួយសមាគមអាស៊ាន៕