កម្ពុជា

មេធាវីថា កឹម សុខា មិនបាន​ព្រមាន​មន្ត្រី​រឿង​«សុំសិទ្ធិ​​ធ្វើ​នយោបាយ»

ក្រុមមេធាវីការពារក្ដី ឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញមុខព្រមគ្នា មកអះអាងថា កូនក្ដីរបស់ខ្លួនមិនបានព្រមាន ឬហាមឃាត់មន្ត្រីគណបក្សណា ដែលចង់ ឬមិនចង់ «សុំសិទ្ធិ​​ធ្វើ​នយោបាយ» ឡើងវិញនោះឡើយ។

កាលពីប៉ុន្មានម៉ោងមុន លោក ហ៊ុន សែន បានបង្ហើបឲ្យដឹង មាន«អាអ្នកខ្លះ» ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានព្រមានមន្ត្រីខ្លួនឯង កុំឲ្យ«សុំសិទ្ធិ​​ធ្វើ​នយោបាយ»។

បើគេមិនច្រឡំទេ «អាអ្នកខ្លះ» ដែលនាយករដ្ឋមន្ត្រីកម្ពុជាសំដៅនោះ គឺលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងគេហដ្ឋានលោក ក្នុងរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ។

ការលើកឡើងរបស់លោក ហ៊ុន សែន បានបង្កឲ្យសារព័ត៌មាននានាចុះផ្សាយ ហើយក៏បានបណ្ដាលឲ្យមានប្រតិកម្ម កើតឡើងជាបន្តបន្តាប់ដែរ។

សម្រាប់មេធាវីពីរនាក់ ពីក្នុងចំណោមមេធាវីបួននាក់ របស់លោក កឹម សុខា គឺលោក ផែន ហេង និងលោក ​ចាន់ ចេន បានអះអាងថា កូនក្ដីលោកមិនមានជំហរបែបនោះទេ។ លោកទាំងពីរបានបង្ហោះសារ នៅលើគណនីហ្វេសប៊ុករបស់លោករៀងខ្លួន តែមានអត្ថន័យប្រហាក់ប្រហែលគ្នា ដូច្នេះថា៖

«លោក កឹម សុខា មិនបានហាមឃាត់ ឬព្រមានអ្នក ដែលសុំសិទ្ធិធ្វើនយោបាយ និងក៏មិនបានជម្រុញ ឲ្យទៅសុំសិទ្ធិធ្វើនយោបាយឡើយ។»

បន្តិចក្រោយមក អ្នកស្រី ម៉េង សុភាវី មេធាវីមួយរូបទៀត របស់លោក កឹម សុខា ក៏បានចែករំលែកសារនេះ បន្តនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីដែរ៕

លោក កឹម សុខា មិនបានហាមឃាត់ឬព្រមានអ្នកដែលសុំសិទ្ធិធ្វើនយោបាយ និងក៏មិនបានជម្រុញឲ្យទៅសុំសិទ្ធិធ្វើនយោបាយឡើយ។

Posted by Chan Chen on Sunday, March 24, 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។