កម្ពុជា

មេធាវី​ថា កឹម សុខា «ស្វាគមន៍»​ការ​ប្ដូរ​​ជំហរ​​របស់​​របប​​ក្រុង​​ភ្នំពេញ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងស្ថិតក្នុងការឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមរបបក្រុងភ្នំពេញ ត្រូវបានមេធាវី​របស់​លោកស្រង់សំដី មកបញ្ជាក់ថា លោក«ស្វាគមន៍»ចំពោះសេចក្ដីថ្លែងការណ៍ របស់របបដឹកនាំមួយនេះ ដែលបង្ហាញពីការផ្លាស់ប្ដូរជំហរ ដ៏គួរឲ្យ​ភ្ញាក់ផ្អើល នៅដើមសប្ដាហ៍នេះ។ ប៉ុន្តែការស្វាគមន៍ ដែលធ្វើឡើងតាមរយៈមេធាវីនោះ ហាក់មានលក្ខណៈប្រយ័ត្នប្រយែងបំផុត។

លោក ចាន់​ ចេន មេធាវីការពារក្តីជូនលោក កឹម សុខា បានថ្លែងប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក ឲ្យដឹងថា៖

«អ្វីក៏ដោយ ឱ្យតែមានដំណោះស្រាយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ, ដើម្បីផលប្រយោជន៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេស​កម្ពុជា គឺកូនក្តីរបស់ខ្ញុំបាទគាត់គាំទ្រ»។

សូមស្ដាប់បទសម្ភាសទាំងស្រុងដូចខាងក្រោម៖

កាលពីថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ដើមសប្ដាហ៍នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ហុចដៃសម្រួល​ទៅដល់​មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ព្យួរសិទ្ធិធ្វើនយោបាយ ទៅដល់ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងសហជីព។

ក្នុងថ្ងៃដដែលនោះ រដ្ឋសភាឯកបក្សកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ លើកឡើងពីគម្រោងធ្វើ​វិសោធនកម្មជាថ្មីទៀត ទៅលើ​ច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីអ្វីមួយដែលស្ថាប័នជាតិមួយនេះ អះអាងថា ជាការបើកលទ្ធភាព ឲ្យមន្ត្រីបក្សប្រឆាំងទាំង១១៨នាក់ អាចវិល​ទៅធ្វើនយោបាយវិញបាន។ មន្ត្រីទាំងនោះ ត្រូវបានតុលាការកំពូលកម្ពុជា ចេញសាលក្រម ហាមឃាត់ធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ ស្របគ្នានឹងសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។