កម្ពុជា

គង់ ម៉ាស់ បានចេញ​ពីពន្ធនាគារ​ខេត្តស្វាយរៀង​ កាលពីល្ងាច​ថ្ងៃទី៤​សីហា

លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានឆ្មាំពន្ធនាគារខេត្តស្វាយវៀង ដោះលែងឲ្យមានសេរីភាព កាលពីល្ងាចថ្ងៃទី៤ ខែសីហាម្សិលម៉ិញ បន្ទាប់ពីលោកបាន​អនុវត្តន៍​ទោស រួចជាស្ថាពរហើយនោះ។ នេះ បើតាមប្រភព ពីអ្នកជិតដិតរបស់លោក ដែលបានឲ្យដឹង នៅក្រោយពេល​ការដោះលែងនោះ។

លោក ម៉ៃ ហុងស្រៀង សកម្មជនគណបក្សប្រឆាំង ដែលត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនយកទៅឃុំ នៅក្នុងពន្ធនាគារព្រៃសដែរនោះ បានបង្ហោះសារ រួមនឹង​រូបថត​មួយសន្លឹក ​នៅលើគណនី​ហ្វេសប៊ុករបស់លោក បង្ហាញពីដំណឹងនេះថា៖

«នៅវេលាម៉ោង ០៦និង៣០នាទី ល្ងាចថ្ងៃទី៤ សីហា ២០២០ នេះ លោក គង់ ម៉ាស់ បាន​ត្រូវដោះលែង ឱ្យមានសេរីភាព និងបានចាកចេញផុត ពីគុកនៅខេត្ត​ស្វាយរៀង​ហើយ បន្ទាប់ពីត្រូវបានឃុំខ្លួន អស់រយៈពេល ១ឆ្នាំកន្លះ នៅគុកព្រៃស។ ហើយខណៈនេះ លោក​យាយ​របស់គាត់​ទទួលមរណៈកាល និងត្រូវបូជា នាយប់នេះផងដែរ!»

បើតាមដីកាផ្ដន្ទាទោស របស់តុលាការគ្រប់ជាន់ថ្នាក់ របស់របបក្រុងភ្នំពេញ បានកំណត់​ឲ្យសកម្មជននយោបាយ មកពីខេត្តស្វាយរៀងខាងលើ ជាប់ក្នុងពន្ធនាគារព្រៃស ក្នុង​រយៈពេល​១៨ខែ។ ការអនុវត្តន៍​ទោស នៅពន្ធនាគារ​ព្រៃស ដែលស្ថិតនៅ​ក្បែរ​រាជធានី​ភ្នំពេញ បានរួចផុតសព្វគ្រប់ តាំងពីពាក់កណ្ដាល ខែកក្កដាមកម្លេះ។

ប៉ុន្តែលោក ម៉ាស់ នៅមាន​សំនុំរឿង​មួយផ្សេង ក្នុងខេត្តស្វាយរៀង ដែលតម្រូវឲ្យ​លោក​អនុវត្តន៍ទោស នៅទីនោះ ចំនួន១៥ថ្ងៃថែមទៀត ជុំវិញសាលក្រមផ្ដន្ទាទោស របស់សាលា​ដំបូងខេត្តស្វាយវៀង ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ ឱ្យ​ពលរដ្ឋ​ស្អប់​អ្នករាជការ​សាធារណៈ តាម​បណ្ដឹង​​របស់​អតីត​អភិបាល​ស្រុក​រមាសហែក លោក ពេញ ជា។

ក្នុងពេលភ្លាមៗ មិនអាចទាក់ទងសកម្មជនគណបក្សប្រឆាំងរូបនេះ ដើម្បីធ្វើ​អត្ថាធិប្បាយ អំពីការទទួលបាន​សេរីភាពជាថ្មីឡើងវិញនេះទេ ដោយហេតុថា លោកនិង​គ្រួសារ កំពុងធ្វើបុណ្យសពជីដូនរបស់លោក។

លោក គង់ ម៉ាស់ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបាន​សាលា​ដំបូងរាជធានីផ្តន្ទាទោស នៅថ្ងៃទី១៨ ខែតុលាឆ្នាំដដែល  ឱ្យជាប់​ពន្ធនាគាររយៈពេល ១៨ខែ ពីបទ«ញុះញង់» តាមមាត្រា៤៩៥ និង៥០២ នៃក្រម​ព្រហ្មទណ្ឌ ទាក់ទងនឹង​ការបង្ហោះ​សារ នៅលើបណ្ដាញសង្គម ដោយប្រើពាក្យ​«ធ្ងន់ៗ»​រិះគន់លោក ហ៊ុន សែន និង​របបដឹកនាំរបស់លោក។

សកម្មជនគណបក្សប្រឆាំងរូបនេះ បានប្ដឹងឧទ្ធរណ៍ និងប្ដឹងសារទុក្ខ ឡើងទៅ​តុលាការ​ជាន់​លើ​បន្តទៀត តែមិនមានលទ្ធផលអ្វីទេ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។