កម្ពុជា

ខៀវ កាញារីទ្ធ៖ «អ្នកវិភាគខ្លះ ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់»

តើអ្នកវិភាគរូបណាទៅ រងការឌឺដង ពីរដ្ឋមន្ត្រីព័ត៌មាន របស់ប្រទេសកម្ពុជា? ការឌឺដងនោះ រហូតលោករដ្ឋមន្ត្រីសន្និដ្ឋានថា អ្នកវិភាគទាំងនោះ ហេតុតែ​ចង់បាន​អំណាច បែរជាបន់ឲ្យខ្មែរស្លាប់។ 

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងមួយ ដែលជំនាញ​ខាង​«ឃ្លាំមើល»​ព័ត៌មាន បានលើកឡើងដូច្នេះ នៅលើគណនេយ្យហ្វេសប៊ុក​របស់លោក ក្នុងល្ងាចថ្ងៃព្រហស្បត្តិ៍ទី២៣ ខែមេសានេះ។ លោកបានលើកឡើងថា នៅពេលចាប់ផ្ដើមផ្ទុះមេរោគ «Covid-19» ដំបូង ក្រុមអ្នកវិភាគទាំងនោះ បាននាំគ្នាបំផុសព័ត៌មានមិនពិត រួចចោទរដ្ឋាភិបាល​ថា លាក់តួលេខ។ ប៉ុន្តែ ក្នុងពេលនេះ អ្នកវិភាគទាំងនោះ បានប្ដូរសំដី របស់ពួកគេជាថ្មី។

លោករដ្ឋមន្ត្រី បានសរសេរថា៖

«នៅពេលចាប់ផ្តើមផ្ទុះកូរ៉ូណាវីរុសថ្មី ពួកគាត់នាំគ្នាបំផុស ឡើងពុល ពីមនុស្សដួលប្រកាច់ងាប់តាមផ្លូវ រួចចោទថា រាជរដ្ឋាភិបាលលាក់ចំនួនមនុស្សងាប់ ដែលគាត់ថា មានដល់ពាន់នាក់។»

«លុះក្រោយមក ដឹងថាពេទ្យខ្មែរ ធ្វើការជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក និងពេទ្យសហរដ្ឋអាមេរិក (គោលការណ៍មួយ ក្នុងការទប់ស្កាត់ការរាលដាល រោគរាតត្បាត គឺជូនដំណឹងទាន់ពេល ដល់អង្គការដៃគូ) ហេតុនេះ [បើ]ចោទថា រាជរដ្ឋាភិបាលលាក់តួលេខ ខ្លាចចៅហ្វាយខោកក្បាល។»

«ពេលនេះ គាត់ដូររបៀបនិយាយថ្មី គឺថា រឿង​កូវីដ១៩ ជារឿងប្រឌិតរបស់ ហ៊ុន សែន តែប៉ុណ្ណោះ។ ហេតុនេះហើយ បានជាគេមិនឃើញ ហ៊ុន សែន ពាក់ម៉ាស់សោះ។ ហេតុនេះ សូមប្រជាជនកុំជឿរឿងកូវីដ១៩។»

លោក ខៀវ កាញារីទ្ធ បានដើរតួម្ដងនេះវិញ ធ្វើជាអ្នកវិភាគ ទៅលើក្រុមអ្នកវិភាគ ដែលលោកបានលើកឡើងខាងលើ។ លោកថា៖

«[បើ]វិភាគខ្លី អាចចោទថា គាត់និយាយខ្នងដៃ ជាបាតដៃ។ តើបើវិភាគឲ្យយូរ គឺយុទ្ធសាស្ត្រគាត់ ឥតប្រែប្តូរទេ។ អ្វីដែលគាត់ចង់បាន គឺឲ្យប្រជាជនខ្មែរស្លាប់ឲ្យច្រើន ដើម្បីបង្ហាញថា រដ្ឋាភិបាល ហ៊ុន សែន អត់សមត្ថភាព។»

បុរសចំណាស់៦៨ឆ្នាំ បានធ្វើសេចក្ដីសន្និដ្ឋានថា៖

«ដល់អញ្ចឹង បានយើងស្រណោះ ! ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់ ? ស្នេហាជាតិអី ក៏ខុសគេអញ្ចឹង ?»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។