កម្ពុជា

ខៀវ កាញារីទ្ធ ប្រើសំដី​ប្រធានាធិបតី​​តៃវ៉ាន់ វាយប្រហារ​«សង្គមស៊ីវិល​ខ្លះ»

បើរដ្ឋាភិបាលកម្ពុជា មិនដែលមានសមានចិត្ត សូម្បីបន្តិច ជាមួយកោះតៃវ៉ាន់នោះ ស្រាប់តែរដ្ឋមន្ត្រីមួយរូប នៃរបបក្រុងភ្នំពេញ បានយកពាក្យសំដី របស់ប្រធានាធិបតីនៃកោះមួយនេះ ទៅធ្វើការវាយប្រហារ លើក្រុម«សង្គមស៊ីវិលខ្លះ»នៅកម្ពុជា ទៅវិញ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង«ឃ្លាំមើល»ព័ត៌មាន បានលើកឡើងដូច្នេះ កាលពីយប់ថ្ងៃទី១៨ ខែមេសា ដោយចោទសួរថា តើក្រុមសង្គមស៊ីវិលទាំងនោះ ជាក្រុម«ល្ងង់ខ្លៅ» ឬក្រុម«មិនឡូយ» ព្រោះពួកគេមិនសូវ«ខ្មែរ»ឬ?

លោករដ្ឋមន្ត្រីបានសរសេរ នៅលើបណ្ដាញសង្គមថា៖

«ប្រធានាធិបតី កោះតៃវ៉ាន់ បានផ្តល់បទពិសោធន៍ ដល់ពិភពលោក ពីកត្តាជ័យជំនះរបស់កោះតៃវ៉ាន់ ក្នុងការកំចាត់រោគ កូវីដ១៩នោះគឺ “ប្រើកំលាំងសរុប រួមទាំងកំលាំងអា​ជ្ញាធរ កំលាំងមន្ត្រីសុខាភិបាល កំលាំងប្រជាជន ព្រមទាំងការចូលរួមរបស់សង្គមសុីវិលផងដែរ”។»

«ប្លែកអីនៅស្រុកខ្មែរ សង្គមស៊ីវិល​ខ្លះ ( គឺខ្លះទេ ) មិនគ្រាន់តែមិនជួយផ្សព្វផ្សាយ ឲ្យប្រជាជន​ចេះប្រុងប្រយ័ត្ន ការពាររោគកូវីដ១៩ ប៉ុណ្ណោះទេ ( ពោលគឺនៅស្ងាត់ចឺម ) តែ​រិះគន់​វិធានការ​ទប់ស្កាត់ ការរាលដាល​ជំងឺនេះ ទៀតផង។ មិនដឹងថា តើគាត់ល្ងង់ខ្លៅមិនស្គាល់អ្វីទៅ ដែលហៅថា Pandemic ( តែធម្មតាបើល្ងង់ត្រូវសួរគេ ) ឬមួយគាត់ខ្លាចគេថា គាត់ខ្មែរពេក “មិនឡូយ”?»

យ៉ាងណា បុរសចំណាស់៦៨ឆ្នាំរូបនេះ មិនបានបង្ហើបឲ្យដឹង ថាតើក្រុម​«សង្គមស៊ីវិល​ខ្លះ»​ទាំងនោះ ជាអង្គការសង្គមស៊ីវិលណាទេ។

ក្នុងពេលកន្លងមក រដ្ឋាភិបាលកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានរាប់រក ឬចាត់ទុកកោះតៃវ៉ាន់ ថាជារដ្ឋមានអធិបតេយ្យ និងមានរដ្ឋាភិបាល​ដឹកនាំ​ត្រឹមត្រូវ​នោះឡើយ ក្រោមហេតុផល នៃការគោរពគោលការណ៍ «ចិនមួយ»។ មន្ត្រីផ្លូវការ របស់​របបក្រុងភ្នំពេញ ក៏កាន់តែ​​មិនដែល​​ហៅអ្នកស្រី «Tsai Ing-wen» ថាជាប្រធានាធិបតីតៃវ៉ាន់ ដែលកើតចេញ​​ពីការបោះឆ្នោត នោះដែរ។

មកដល់ថ្ងៃនេះ កោះតៃវ៉ាន់ ដែលមហាយក្សចិន ចាត់ទុកជាខេត្តរបស់ខ្លួន បានរកឃើញ​នៅលើទឹកដីខ្លួន នូវករណីឆ្លងជំងឺ«Covid-19» កើនឡើងដល់ ៣៩៨នាក់ និងចំនួនមនុស្សស្លាប់ មានចំនួន​៦នាក់។ តួលេខនេះ ត្រូវបានចាត់ទុកថា ជាជោគជ័យមួយ សម្រាប់កោះមួយនេះ ដែលត្អូញត្អែរថា ខ្លួនមិនមានកិច្ចសហការ ឲ្យបានគ្រប់គ្រាន់ ពីអង្គការសុខភាពពិភពលោក (WHO /OMS) នោះទេ ដោយសារអង្គការមួយនេះ ខ្លាចចិន។

សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគឯករាជ្យ និងអ្នកស្រាវជ្រាវផ្នែកសង្គម បានពន្យល់ថា៖

«ក្នុងករណីយអាសន្ន កូវីត១៩ ត្រូវទាមទារឲ្យមានការចូលរួម យ៉ាងសកម្ម រវាងពលរដ្ឋ និងរាជរដ្ឋាភិបាល ! មិនមែនដូចរឿងនយោបាយទេ មេរោគកូវីតនឹងមិនប្រណី ដល់អ្នកដែលប្រហែស មិនថាអ្នកនោះ មកពីគណបក្សនយោបាយណាមួយ នោះឡេីយ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។