កម្ពុជា

មេធាវី កឹម សុខា ថា​កូនក្ដី​ខ្លួន​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ជាមុន​សិន

«ត្រូវទម្លាក់ចោល បទចោទប្រកាន់ ជាមុនសិន» នេះ ជាការលើកឡើង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈមេធាវីរបស់លោក នៅមួយថ្ងៃបន្ទាប់ពីការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យមន្ត្រីគណបក្សប្រឆាំង ដែលត្រូវតុលាការហាមឃាត់ ធ្វើសកម្មភាពនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឲ្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅពេលដែលសេចក្ដីស្នើច្បាប់ ធ្វើវិសោធនកម្ម លើច្បាប់ស្ដីពីគណបក្សនយោបាយ ចូលជាធរមាន។

ស្រង់សំដីដោយវិទ្យុបារាំងអន្តរជាតិ ប្រចាំក្នុងរាជធានីភ្នំពេញ លោក ចាន់ ចេង មេធាវីការពារក្ដី ឲ្យលោក កឹម សុខា ដែលបានចូលជួបកូនក្ដីលោក កាលពីល្ងាចម្សិលម៉ិញ បានថ្លែងឡើងថា៖

«សុំឲ្យតុលាការ ទម្លាក់បទចោទប្រកាន់ មកលើរូបគាត់ [កឹម សុខា] សិន។ ដូចគ្នាផងដែរ ចំពោះការទទួលយក សិទ្ធិនយោបាយ ត្រឡប់មកវិញ ភាគច្រើននៅក្នុងចំនួន ១១៧នាក់ (១១៨នាក់ តែមានម្នាក់បានទទួលមរណភាព) គេនៅរង់ចាំ ឲ្យមានការទម្លាក់ចោល បទចោទលើលោក កឹម សុខា ដើម្បីឲ្យមានសេរីភាព ជាមុនសិនផងដែរបាទ។»

បើតាមលោកមេធាវីដដែល ការស្នើសុំសិទ្ធិធ្វើនយោបាយ ឡើងវិញ ដែលដូច ទៅនឹងការអំពាវនាវ របស់លោក ហ៊ុន សែន កាលពីម្សិលម៉ិញនោះ គ្រាន់តែជាទម្រង់ក្រៅមួយប៉ុណ្ណោះ។ លោក ចាន់ ចេង ថា៖ 

«បើសិនជារូបគាត់ [កឹម សុខា] ជាប់នូវបទចោទប្រកាន់ នៅតុលាការនៅឡើយ តើធ្វើដូចម្ដេច ដើម្បីលោក កឹម សុខា អាចមានសិទ្ធិធ្វើនយោបាយ ឡើងវិញបាននោះ? អញ្ចឹងដូច្នេះ វាមានតែទម្លាក់បទចោទប្រកាន់ ចំពោះគាត់ជាមុនសិនទេ ទើបអាចនិយាយទៅដល់ ការធ្វើនយោបាយរបស់គាត់ ឡើងវិញបាន។»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។