កម្ពុជា

សម រង្ស៊ី វិលមក​ដឹកនាំ​បក្ស​​ «ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ ហ៊ុន សែន បរាជ័យ»

«យុទ្ធសាស្ត្រ របស់លោក ហ៊ុន សែន បរាជ័យ ទាំងស្រុង ក្នុងការប៉ុនប៉ងកម្ទេចគណបក្សសង្គ្រោះជាតិ ពីខាងក្នុង» ដោយសារការវិលត្រឡប់ របស់លោក សម រង្ស៊ី មកដឹកនាំគណបក្សសង្គ្រោះជាតិវិញ ក្នុងឋានៈជាប្រធានស្តីទី។

មេដឹកនាំប្រឆាំង បានធ្វើអត្ថាធិប្បាយដូច្នេះ កាលពីប៉ុន្មាននាទីមុន នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយពន្យល់ថា លោកនាយករដ្ឋមន្ត្រី បានប្រើកលល្បីចជាច្រើន មានដូចជា «មធ្យោបាយគំរាមកំហែងគ្រប់បែបយ៉ាង និងមានមធ្យោបាយ ដាក់សម្ពាធផ្លូវចិត្ត ផ្លូវកាយ និងផ្លូវសម្ភារៈ ច្រើនយ៉ាងណាស់» មកលើលោក កឹម សុខា និងមកលើអ្នកនៅជុំវិញលោក កឹម សុខា (គឺក្រុមគ្រួសារ និងជំនួយការ ដែលមិនអាចចេញរួច ពីប្រទេស​កម្ពុជា) ដើម្បីជម្រុញឲ្យប្រធានគណបក្សសង្គ្រោះជាតិ [លោក កឹម សុខា] សម្លាប់គណបក្ស​ខ្លួនឯង ពីក្នុងមកវិញ។

លោក សម រង្ស៊ី សរសេរបន្តថា៖

«ដើម្បីសម្រេចបានបំណងនេះ លោក ហ៊ុន សែន គ្រាន់តែបង្ខំ ឬក៏បង្វិលលោក កឹម សុខា តាមរបៀបច្រើនយ៉ាង ដែលគេប្រើចំពោះ ចំណាប់ខ្មាំង ឬឈ្លើយសឹក ដើម្បីឲ្យលោក កឹម សុខា បែកចេញពីលោក សម រង្ស៊ី ឬក៏ឲ្យលោក កឹម សុខា ឈប់ទាមទារ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដោយលោក កឹម សុខា នេះ យល់ព្រមទៅដឹកនាំគណបក្សផ្សេងមួយទៀត ដែលមានស្រាប់ ឬក៏នឹងបង្កើតថ្មី។»

មេដឹកនាំប្រឆាំង បានពន្យល់ទៀតថា៖

«ពេលនោះ លោក ហ៊ុន សែន ងាយស្រួលទៅបញ្ចុះបញ្ចូល សហគមន៍អន្តរជាតិ ដោយប្រាប់គេថា មិនចាំបាច់ទាមទារ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញទេ ពីព្រោះគណបក្សនេះ វាស្លាប់ដោយខ្លួនវាទៅហើយ។»

«ដូច្នេះ ការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី នេះ ធ្វើឲ្យយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន បរាជ័យទាំងស្រុង ក្នុងការប៉ុនប៉ងកម្ទេចគណបក្សសង្គ្រោះជាតិ ពីខាងក្នុង។ ពេលនេះ លោក ហ៊ុន សែន មិនអាចពង្រឹងអំណាចផ្តាច់ការ របស់គាត់បានទេ ហើយក៏មិនអាចជៀសវាងបានទេ នូវសម្ពាធអន្តរជាតិ ដែលកំពុងតែជំរុញ ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញ នៅប្រទេសកម្ពុជា។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។