វីដេអូ ពីនេះពីនោះ

ទិដ្ឋភាព​យក​ឆ្កែ​មក​បោះចោល​ បង្ក​«ការរំជួលចិត្ត»នៅ​អង់គ្លេស

វីដេអូមួយ ដែលត្រូវបានសមាគមការពារសត្វ «RSPCA» ក្នុងប្រទេសអង់គ្លេស ផ្សាយក្នុងដើមសប្ដាហ៍នេះ បានធ្វើឲ្យ​មនុស្ស​ជាច្រើននាក់ ស្រយតស្រយង់ និងមាន«ការរំជួលចិត្ត»ជាខ្លាំង។ នៅក្នុងវីដេអូនោះ គេឃើញបុរសម្នាក់ បាន​បើកឡាន មកចតនៅលើវិថី «Stoke-on-Trent» ភាគខាងត្បូង នៃក្រុងមេឆេស្ទ័រ (Manchester) ដើម្បីយកសត្វឆ្កែ​របស់ខ្លួន មកបោះបង់ចោល។

គេឃើញបុរសបានចុះពីរថយន្ដ ជាមួយនឹងសត្វឆ្កែដ៏កំសត់ ដែលមិនបានដឹងខ្លួនថា វានឹងត្រូវម្ចាស់វា យកមក​បោះបង់​ចោលឡើយ។ បន្ទាប់ពីព្រលែងខ្សែប្រឡៅ ពីកវារួច និងឆ្លៀតឱកាសសុនខ កំពុងសប្បាយរត់ទៅឆ្ងាយបន្តិចនោះ បុរសរូប នេះ​បានរត់ត្រឡប់សំដៅរថយន្ដខ្លួន និងបិទទ្វារថយន្ដ ដោយទុកឲ្យសត្វឆ្កែ រត់ចុះរត់ឡើង នៅជុំវិញរថយន្ដ ដើម្បីស្វែងរក​ច្រក​ឡើងទៅជិះ ជាមួយម្ចាស់វិញ ទាំងក្ដីអស់សង្ឃឹម។

បន្ទាប់ពីម្ចាស់វា បានចាកចោលបាត់ ប្រមាណជាមួយម៉ោងក្រោយមក សត្វសុនខត្រូវបានអ្នកដើរកាត់នោះរកឃើញ និង​នាំទៅកាន់ផ្ទះពេទ្យសត្វមួយ នៅក្នុងតំបន់។ បើតាមសារព័ត៌មាន «Evening Standard» បានឲ្យដឹងថា គ្រូពេទ្យសត្វ​បានរកឃើញអតីតម្ចាស់ឆ្កែ ចំនួនពីរនាក់ តែពួកគេ មិនមែនជាបុរស ដែលយកបើកឡាន យកសត្វចិញ្ចឹម​មួយក្បាលនេះ មកបោះបង់ចោលទេ។

នៅក្នុងពេលបច្ចុប្បន្ន សត្វសុនខកំពុងត្រូវការម្ចាស់ថ្មី។ សមាគម «RSPCA» បានអះអាងថា វាជាសត្វ ដែល​«រួសរាយ​រាក់ទាក់ និងគួរឲ្យស្រឡាញ់»ខ្លាំងណាស់។ មកដល់ម៉ោងនេះ មនុស្សជាង១០០នាក់ បានស្នើសុំវា​មកចិញ្ចឹម ក្នុងនោះ​មាន​ពិធីកររបស់ទូរទស្សន៍ «BBC» លោក «Andrew Neil» ម្នាក់ផង៕ 

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: Animal