កម្ពុជា

កឹម សុខា បង្ហោះសារ​រំឭកខួប​នៃ​ការចាប់ខ្លួន ដើម្បី​ឆ្លើយតប សម រង្ស៊ី

កឹម សុខា – សម រង្ស៊ី – ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានយកឱកាសនៃខួបលើកទី២ នៃការចាប់ខ្លួនលោក ដោយរដ្ឋអំណាច របស់លោក ហ៊ុន សែន ដើម្បីបញ្ជាក់ថា លោក«មិនមែនល្ងង់» បង្កឲ្យមានការចាប់ខ្លួនមួយ ដែលលោកថាពោរពេញ ដោយការឈឺចាប់នោះឡើយ។

បើទោះជាមិនចេញឈ្មោះ ក៏សាររបស់មេដឹកនាំប្រឆាំងរូបនេះ ត្រូវបានគេមើលឃើញថា ជាសារឆ្លើយតប ត្រឡប់ទៅលោក សម រង្ស៊ី ដៃគូនយោបាយ ក្នុងគណបក្សតែមួយ ដែលបានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយ ថាលោក«មិនមែនល្ងង់» វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដើម្បីឲ្យអាជ្ញាធរលោក ហ៊ុន សែន ចាប់ខ្លួន ដូចលោក កឹម សុខា នោះទេ។

អត្ថន័យ នយោបាយ និង គោល បំណង នៃ ការ ភ្នាល់ គ្នា រវាង លោក សម រង្ស៊ី និង លោក ហ៊ុន សែន

៣០ សីហា ២០១៩ / 30 August 2019 អត្ថន័យ នយោបាយ និង គោល បំណង នៃ ការ ភ្នាល់ គ្នា រវាង លោក សម រង្ស៊ី និង លោក ហ៊ុន សែន។ Political meaning and purpose of the wager between Sam Rainsy and Hun Sen.

Posted by Sam Rainsy on Friday, August 30, 2019


នៅលើទំព័រហ្វេសប៊ុករបស់លោក ប្រធានគណបក្សប្រឆាំង ដែលកម្របង្ហោះសារចេញ ជាសាធារណៈ បានសរសេរឲ្យដឹងថា៖

«យប់នេះ កាលពី២ឆ្នាំមុន កងកម្លាំង​ប្រដាប់អាវុធ​បានសម្រុក ចូលចាប់ខ្លួនខ្ញុំក្នុងគេហដ្ឋានរបស់ខ្ញុំ ទាំងកណ្តាលអាធ្រាត្រ ដោយបំបែករូបខ្ញុំ ចេញពីភរិយា ទាំងដែលគាត់មិនដឹងថា គេចាប់ខ្ញុំយកទៅទីណា ហើយធ្វើអ្វីទៅលើរូបខ្ញុំ។ សម្រែកលាយឡំនឹងទឹកភ្នែក របស់ភរិយាខ្ញុំ នាយប់នោះ គឺជាការឈឺចាប់បំផុត ដែលអ្នកទាំងឡាយណាធ្លាប់ជួបប្រទះ នឹងដឹងច្បាស់។»

«រូបខ្ញុំផ្ទាល់ ក៏បានចាំច្បាស់នូវសម្រែករបស់អ្នកម្តាយខ្ញុំ និងក្រុមគ្រួសារ នៅពេលដែលឪពុករបស់ខ្ញុំ ត្រូវបានក្រុមប្រដាប់អាវុធខ្មែរក្រហម ចាប់យកទៅទាំងកណ្តាលអាធ្រាត្រ កាលពីឆ្នាំ១៩៧៥។ ខ្ញុំស្គាល់ច្បាស់ពីការឈឺចាប់ ដែលត្រូវគេចាប់ដោយអយុត្តិធម៌ ហើយរឹតតែដឹងច្បាស់ថា អ្នកដែលខ្លោចផ្សាបំផុត គឺក្រុមគ្រួសារដែលមិនដឹងថា គេចាប់យកឪពុក និងស្វាមីទៅណា។»

លោក កឹម សុខា បានសង្កត់ធ្ងន់នៅក្នុងឃ្លាបន្ទាប់ថា៖

«ខ្ញុំបានដឹងហើយថា ជីវិតជាអ្នកប្រកាន់ខ្ជាប់ នូវគោលការណ៍ប្រជាធិបតេយ្យ និងក្នុងតួនាទី ជាមេដឹកនាំបក្សប្រឆាំងនេះ នឹងអាចនាំមក នូវគ្រោះថ្នាក់ និងការឈឺចាប់ រាប់មិនអស់។ ខ្ញុំស្ម័គ្រចិត្ត ធ្វើពលីកម្មជូនជាតិនេះ មិនមែនខ្ញុំមិនចេះខ្លាច មិនមែនខ្ញុំមិនដឹងពីគ្រោះថ្នាក់ មិនមែនព្រោះខ្ញុំល្ងង់ តែនេះព្រោះខ្ញុំដឹងថា “តួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ“។»

«ចៅហ្វាយ ឬថៅកែ គេជាអ្នកចាំយកលទ្ធផល ពីការងាររបស់យើង តែអ្នកដឹកនាំ គឺជាអ្នកដែលលះបង់មុនគេ និងច្រើនជាងគេ ដើម្បីជាគម្រូដល់អ្នកគាំទ្រ។ អ្នកដឹកនាំដែលមានគុណធម៌ មិនដែលរុញច្រាន ឲ្យអ្នកគាំទ្រខ្លួនធ្វើអ្វី ដែលខ្លួនមិនហ៊ានធ្វើឡើយ។»

មេដឹកនាំប្រឆាំងរូបនេះ បានបន្ថែម«ផ្លែផ្កា» ទៅឲ្យលោក សម រង្ស៊ី ទៀតថា៖

«ក្នុងនាមជាឪពុកម្នាក់ ខ្ញុំតែងតែចង់ឲ្យកូនរបស់ខ្ញុំ រស់នៅដោយសុវត្ថិភាព ដូច្នេះហើយ ខ្ញុំតែងតែជ្រើសរើសយក និងណែនាំឲ្យកូនខ្មែរ ធ្វើការតស៊ូរ ដោយអហិង្សា ទោះបីការតស៊ូរនោះ ត្រូវធ្វើឲ្យខ្ញុំរងគ្រោះក៏ដោយ ខ្ញុំសុខចិត្តទទួល ក្នុងនាមជាអ្នកដឹកនាំម្នាក់ ដោយមិនទុកឲ្យអ្នកគាំទ្រ យកខ្លួនទៅពាំងជំនួសខ្ញុំ ជារៀងរហូតនោះទេ។»

សាររបស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតក្រោម ការឃុំឃាំងនៅឡើយនោះ ត្រូវបានក្រុមមនុស្សជំនិតរបស់លោក ចែករំលែកបន្ត យ៉ាងព្រោងព្រាត នៅលើបណ្ដាញសង្គម ជាពិសេសកូនស្រីទាំងទ្វេរ របស់លោក។ ដោយឡែក ក្រុមមនុស្សស្និត នឹងលោក សម រង្ស៊ី វិញ មិនទាន់ឃើញ បញ្ចេញប្រតិកម្មនៅឡើយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។