កម្ពុជា

ភរិយា កែម ឡី សុំឲ្យ​​ស្ត្រីរងគ្រោះទាំងឡាយ​«រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម»

«សូម រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម ព្រោះថា ស្វាមីពួកយើង មិនបានធ្វើរឿងដែលខុសនោះទេ» នេះ ជាការលើកឡើងរបស់អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ របស់សពលោកបណ្ឌិតកែម ឡី ដើម្បីផ្ដាំផ្ញើរទៅដល់ស្ត្រីទាំងឡាយ ដែលមានក្រុមគ្រួសាររបស់ខ្លួន រងការធ្វើទុក្ខបុកម្នេញ ទាំងក្ដីអយុត្តិធម៌។

ពីប្រទេសអូស្ត្រាលី ដែលអ្នកស្រីនិងកូនៗរបស់អ្នកស្រី កំពុងជ្រកកោនផ្នែកនយោបាយ ភរិយាមេម៉ាយរបស់អតីតអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា រយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលអ្នកស្រីនិងកូនៗអ្នកស្រី បានបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់របស់ផងខ្លួន ហើយក៏ជារយៈពេលកន្លងផុត ដែលអ្នកស្រីបានស្ពាយបង្វិច ចាកចេញឆ្ងាយពីស្រុកកំណើត។

បើទោះជាអ្នកស្រី ប៊ូ រចនា បានរំលឹកពីភាពសោកសៅ និងការនឹកឃើញឡើងវិញ នូវអ្វីៗ ដែលអ្នកស្រីធ្លាប់មាន នៅឯស្រុកកំណើត និងអនុស្សាវរីយ៍ជាមួយលោកបណ្ឌិត កែម ឡី ក្ដី តែអ្នកស្រីអះអាងថា អ្នកស្រីសរសេរសារក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺដើម្បីផ្ដាំផ្ញើរ ទៅដល់ស្ត្រីទាំងឡាយ ដែលមានស្ថានភាពប្រហាក់ប្រហែលនឹងអ្នកស្រី។

អ្នកស្រីសរសេរថា៖

«ខ្ញុំសរសេរសំបុត្រនេះឡើង មិនមែនក្នុងគោលបំណង ផ្តល់នូវភាពសោកសៅ និងភាពអស់សង្ឃឹមនោះទេ តែនាងខ្ញុំមានបំណងចង់សរសេរសារ ផ្តាំផ្ញើដល់ស្ត្រីៗដែលមាន ស្វាមីជាប់ពន្ធនាគារ ដោយសារភាពអយុត្តិធម៌ ស្វាមីដែលភៀសខ្លួនចេញពីប្រទេសដោយសារការភ័យខ្លាច ស្វាមីដែលគេតាមធ្វើទុក្ខបុកម្នេញ ដោយសារតែធ្វើរឿងដែលត្រឹមត្រូវ និងស្វាមីដែលស្លាប់បាត់បង់ជីវិត ដោយសារតែការការពារផលប្រយោជន៍ប្រទេសជាតិ​និងប្រជាជន ដូចជាស្វាមីនាងខ្ញុំ ថាសូម រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម ព្រោះថា ស្វាមីពួកយើង​មិនបានធ្វើរឿងដែលខុសនោះទេ។»

លោក កែម ឡី ត្រូវបានឃាតករ​​ឈាមត្រជាក់​​បាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅខណៈលោក​កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ​ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ​កាល់តិច ស្ថិតនៅស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។ នៅក្រោយឃាតកម្មនោះ និងរហូតមកដល់ថ្ងៃនេះ ជនសង្ស័យតែម្នាក់គត់​ឈ្មោះ អឿង អាង ដាក់រហស្សនាម ជួប សម្លាប់ ត្រូវបានឃាត់ខ្លួន​និងផ្តន្ទាទោស។

ឃាតកម្មដ៏សាហាវព្រៃផ្សៃ បានកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយអ្នកធ្វើអត្ថាធិប្បាយនយោបាយរូបនេះ បានបកស្រាយទៅលើរបាយការណ៍ដ៏រសើបមួយ របស់អង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស «Global Witness» ស្ដីពី«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»។ របាយការណ៍នោះ បានរៀបរាប់យ៉ាងលំអិត ពី«ជំនួញ»​ដ៏កាក់កប និងដ៏សម្បើមអស្ចារ្យ នៃក្រុម​គ្រួសារ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំង​នោះ ថា​មាន​កម្រិត​ច្រើនរយលានដុល្លារ។

ភរិយាលោក កែម ឡី បានបន្តថា៖

«ស្វាមីនាងខ្ញុំមិនមែនជាមនុស្សអស្ចារ្យ មកពីណានោះទេ គាត់ដូចជាស្វាមីរបស់ បងប្អូនស្រីៗទាំងអស់គ្នាដែរ។ គាត់និយាយរឿងពិត រឿងពិតដែលអ្នកប្រព្រឹត្តមិនចង់ស្តាប់ និងមិនចង់ឲ្យគេដឹង។ គាត់ជ្រើសយកជម្រើស ដែលអ្នកដទៃទៀតគេមិនជ្រើស ហើយបើទោះបីគាត់ដឹងថា មានថ្ងៃនេះ គាត់នៅតែជ្រើសយក។»

«ជាប្រពន្ធ ទាំងនាងខ្ញុំ និងបងប្អូនស្រីៗ ក៏មិនចង់ឲ្យស្វាមីរបស់យើង ជ្រើសយកជម្រើសបែបនេះនោះដែរ ប៉ុន្តែការមើលឃើញរបស់គាត់ ហាក់បីដូចធំទូលាយ ជាជាងកាលដែលនាងខ្ញុំបានគិត ហើយនាងខ្ញុំមិនដែលមានការសង្ស័យ នៅលើជម្រើសរបស់គាត់នោះឡើយ។ នាងខ្ញុំបានរៀបការនឹងគាត់ គឺរឿងដែលនាងខ្ញុំ មានមោទនាភាពជាងគេ។ គ្មានជីវិតគ្រួសារណា ដែលល្អឥតខ្ចោះនោះទេ តែភាពរឹងមាំ អត់ធ្មត់ និងសេចក្តីសង្ឃឹម គឺជាកម្លាំង ជំរុញចិត្តរបស់នាងខ្ញុំ ឲ្យខំតស៊ូ។»

អ្នកស្រី ប៊ូ រចនា បានសង្កត់ធ្ងន់ទៀតថា៖

«នាងខ្ញុំសង្ឃឹមថា បងប្អូនស្រីៗ ដែលមានស្វាមីដូចនាងខ្ញុំបានរៀបរាប់ខាងលើ នឹងមិនអស់សង្ឃឹម បាក់ទឹកចិត្ត និងទន់ខ្សោយនោះទេ។ វាជារឿងដែលពិបាកទទួលយក តែវាមិនមែនមានន័យថា វាធ្វើមិនកើតនោះទេ។»

«នាងខ្ញុំសូមបួងសួង សូមឲ្យបុព្វបុរសខ្មែរទាំងអស់ សូមជួយថែរក្សាការពារ អ្នកស្នេហាជាតិ អ្នកស្រឡាញ់យុត្តិធម៌ និងអ្នកតស៊ូដើម្បីឲ្យមានការផ្លាស់ប្តូរដោយសុច្ចរិត ទទួលបាននូវជ័យជម្នះ។ សូមឲ្យទេវតា និង‪វត្ថុស័ក្ដិសិទ្ធ ‬បរាមុខ អ្នកណាដែលចង់បំផ្លិចបំផ្លាញ ប្រទេសជាតិ និងជាតិសាសន៍ខ្លួនឯង សូមឲ្យពួកគេរលាយសាបសូន្យ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។