លោក សម រង្ស៊ី មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា តែងលើកឡើងមិនដែលដាច់ ពីយោបល់របស់លោក ក្នុងការបង្កើត«លិខិតឆ្លងដែននៃភាពស៊ាំ» តាំងពីច្រើនសប្ដាហ៍ហើយ។ នៅថ្ងៃសៅរ៍នេះ យោបល់ខាងលើ ដែលមានប្រទេសមួយចំនួនកំពុងធ្វើ បានរងប្រតិកម្ម ពីអង្គការសុខភាពពិភពលោក (WHO /OMS)។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បម្រាម ឲ្យសំងំនៅក្នុងផ្ទុះ នារដ្ឋធានីប៉ារីស ប្រទេសបារាំង តែងបានបង្ហោះជាញយដង ម្ដងហើយម្ដងទៀត នៅលើទំព័រហ្វេសប៊ុករបស់លោកថា លិខិតឆ្លងដែនពិសេសខាងលើ នឹងអនុញ្ញាតឲ្យពិភពលោក បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ដែលហៅថា «លិខិតឆ្លងដែននៃភាពស៊ាំ (Immunity Passport)» គឺជាលិខិតបញ្ជាក់មួយ ដែលអះអាងថា ម្ចាស់លិខិតមានអង្គការពារប្រាណ (ឬអង្គបដិបក្ខ) ខ្លាំងជាងមេរោគ«Covid-19» និងមិនធ្លាក់ខ្លួនឈឺ ដោយជំងឺដ៏ចង្រៃមួយនេះទេ បន្ទាប់ពីត្រូវបានធ្វើតេស្ដិ៍រួច។ លិខិតបញ្ជាក់ នឹងអនុញ្ញាតឲ្យម្ចាស់លិខិត អាចធ្វើដំណើរ និងប្រកបកិច្ចការរបស់ខ្លួន បានយ៉ាងសេរី នៅលើពិភពលោក ជាពិសេសនៅក្នុងវិស័យទេសចរណ៍។
ប្រទេសជាច្រើន នៅលើពិភពលោក ជាពិសេសបណ្ដាប្រទេសមួយចំនួន នៅបស្ចឹមលោក កំពុងអនុវត្តន៍ (ឬឈានទៅ) បង្កើតឲ្យមាន«លិខិតបញ្ជាក់»មួយនេះឡើង ជាមួយនឹងការធ្វើតេស្ដិ៍ យ៉ាងសន្ធឹកសន្ធាប់ និងយ៉ាងទូលំទូលាយ ទៅលើពលរដ្ឋរបស់ខ្លួន។
សម្រាប់លោក សម រង្ស៊ី បានលើកឡើងថា ប្រទេសទាំងនោះ បានរៀបចំការធ្វើតេស្ដិ៍ និងត្រៀមបង្កើត«លិខិតឆ្លងដែន»នោះ គឺ«ស្របតាមសំណើរ» ឬ«ធ្វើតាមយោបល់»របស់លោក ដែលបានលើកឡើងមុនគេបង្អស់។ អត្ថបទរបស់លោក ទាក់ទងនឹងគំនិតយោបល់មួយនេះ ត្រូវបានលោកផ្ញើរ ទៅឲ្យសារព័ត៌មាននានា នៅជុំវិញពិភពលោក ដើម្បីធ្វើការចុះផ្សាយជាបន្តបន្ទាប់។
ប៉ុន្តែសម្រាប់ «WHO (អង្គការសុខភាពពិភពលោក)» វិញ មិនបានយល់ស្រប តាមបណ្ដាប្រទេសទាំងនោះ ដែលកំពុងធ្វើយុទ្ធនាការ ត្រៀមបង្កើត«លិខិតឆ្លងដែន»ដូច្នេះទេ។ «WHO» បានធ្វើការដាស់អារម្មណ៍ប្រទេសទាំងនោះ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ដោយធ្វើការព្រមានឡើងថា៖
«នៅពេលនេះ គ្មានភស្ដុតាងណាមួយ ដែលបញ្ជាក់ថា បណ្ដាជនដែលបានជាសះ ពីជំងឺ “Covid-19” និងបណ្ដាជន ដែលមានអង្គការពារប្រាណខ្លាំង ប្រាកដជាត្រូវបានការពារ ពីការឆ្លងមេរោគនេះ ក្នុងពេលក្រោយៗនោះឡើយ។»
«WHO» បានបន្តទៀតថា៖
«មិនមានអំណះអំណាងគ្រប់គ្រាន់ ដើម្បីវាយតម្លៃ អំពីភាពទុកចិត្តបាន នៃ“លិខិតឆ្លងដែននៃភាពស៊ាំ”នោះទេ ហើយការប្រើប្រាស់ លិខិតបញ្ជាក់បែបនេះ អាចបង្កើនហានិភ័យ នៃការឆ្លងរាត្បាត ឲ្យកាន់តែខ្លាំងឡើង។ ជាពិសេស ក្រុមមនុស្ស ដែលគិតថាពួកគេមានភាពស៊ាំនេះ នឹងមិនអើពើ ចំពោះក្រឹត្យក្រមអនាម័យឡើយ៕»