កម្ពុជា

ហ៊ុន សែន ប្រាប់ឲ្យ​«ចាប់ក្បាល» សម រង្ស៊ី ដោយមិនចាំបាច់​មានបញ្ជា​ពីលោក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលស្ថិតក្នុងឯកសណ្ឋាន ជាមេទ័ពនៃកងកម្លាំងប្រដាប់អាវុធកម្ពុជា បានប្រាប់កងទ័ព ឲ្យ«ចាប់ក្បាល អាហ្នឹង» ដោយមិនចាំបាច់ មានបញ្ជាពីលោក ដោយហៅការចាប់ខ្លួននោះ ជាការអនុវត្តន៍ច្បាប់។

«ក្បាលអាហ្នឹង» ដែលគេស្គាល់ភ្លាមថា គឺលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអះអាងថា នឹងត្រៀមវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ ក្នុងពេលខាងមុខ។

បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ ពីទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះ។

លោក ហ៊ុន សែន បានលើកឡើងថា «អាហ្នឹង»មានបណ្តឹងជាច្រើន នៅក្នុងដៃ ហើយបើដីកាចេញមកពេលណា ចេញទៅ«ចាប់ក្បាល អាហ្នឹង»​ទៅ មិនចាំបាច់ មកសួរនាំពីលោកទៀតទេ។ លោកថា៖ 

«ដីការចេញមកហើយ ទៅ​ចាប់ក្បាល​អាហ្នឹង ដែលមានឈ្មោះក្នុងដីកាទៅ មិនចាំបាច់មកសួរ ហ៊ុន សែនទេ។ ខ្ញុំប្រាប់ហើយថា ត្រូវធ្វើទៅតាមច្បាប់ទៅ វាមិនខុសទេ។»

កាលពីដើមសប្ដាហ៍នេះ គណបក្សសង្គ្រោះជាតិ ដែលបានជួបប្រជុំគ្នា នៅក្រុងឡូវែល សហរដ្ឋអាមេរិក បានរៀចំគម្រោង៥ចំណុច ដើម្បីអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលក្នុងប្រទេសវិញ ក្នុងពេលខាងមុខ បន្ទាប់ពីមេដឹកនាំប្រឆាំង បាននិរទេសខ្លួន ចេញក្រៅប្រទេស តាំងពីឆ្នាំ២០១៥មកនោះ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។