កម្ពុជា

មេទ័ព ហ៊ុន សែន ប្រាប់​ពលទាហាន​ឲ្យ​«សម្រកក្បាលពោះ»

បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ដែលមានតួនាទី ជានាយករដ្ឋមន្ត្រីផង និងជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធកម្ពុជាផង បានថ្លែងប្រាប់ ឲ្យពលទាហាន ក្រោមបង្គាប់ទាំងឡាយ ត្រូវ«សម្រកក្បាលពោះ»។

មេដឹកនាំកម្ពុជា បានថ្លែងដូច្នេះ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងពិធីអបអរសាទរ ខួប២០ឆ្នាំ ថ្ងៃបង្កេីត​បញ្ជាការដ្ឋាន​ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តែលោក ហ៊ុន សែន ដែលមានពាក់ផ្កាយ ៥ នៅលើស្មារទាំងសងខាង មិនបានចង្អុល ទៅកាន់តែពលទាហាននោះទេ។ លោកបានចង្អូល ទៅកាន់នាយទាហានដូចគ្នា ថា «ក្បាលពោះ ដូចជាកាន់តែធំ» ហើយចាំបាច់ត្រូវ«សម្រកក្បាលពោះ»ដូចគ្នា។

លោកនាយករដ្ឋមន្ត្រី បានលើកឧទាហរណ៍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មកបញ្ជាក់ថា ទាហានឥណ្ឌូនេស៊ី បើកាលណា តែមានក្បាលពោះរីកធំ គេបណ្ដេញចេញ ពីកងទ័ពភ្លាម។ លោកបន្តថា៖

«អញ្ចឹង រកវិធីទម្លាក់ក្បាលពោះចុះ បើមិនអញ្ចឹងលោតរបងមិនរួចទេ។ កងទ័ពបច្ចុប្បន្នមិនដូចពីមុននោះទេ ដើរ២គីឡួម៉ែត្រ ស្រែករកឡានហើយ។»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។