កម្ពុជា

ហ៊ុន សែន ឌឺដង​ឲ្យ សម រង្ស៊ី «កុំ​រត់ចោល​ទីលាន​ប្រកួត»

បើទោះជាអះអាងមិនឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី ក៏ដោយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តផ្ញើរសារ​បែបបញ្ឆិតបញ្ឆៀង ឬដោយមិនចំឈ្មោះ ទៅកាន់មេដឹកនាំប្រឆាំងជាដរាប។ ហើយក្នុងវគ្គថ្មី នៅថ្ងៃនេះ លោក ហ៊ុន សែន បាននិយាយពីលោក សម រង្ស៊ី ជាបន្តទៀត តាមរយៈការហៅមេដឹកនាំប្រឆាំងរូបនេះ ថាជា«ដៃគូប្រកួត» ដែល«លេងភ្នាល់» តែ«លេងខូចខ្លាំង»ជាមួយលោក ហើយ«កុំ​រត់ចោល​ទីលាន​ប្រកួត»។

ជាមួយការបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់លោក កំពុងវាយកូនគោល លោក ហ៊ុន សែន បានសរសេរឲ្យដឹង នៅលើបណ្ដាញសង្គមថា៖

«ថ្ងៃនេះវាយកូនគោលទៀតហើយ ដើម្បីសុខភាពផង​ និង​ការកំសាន្តចុងសប្តាហ៏ផង។​ តែថ្ងៃនេះ ដៃគូប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ​ លេងខូចខ្លាំងណាស់​ គាត់វាយបាល់ធ្លាក់ទឹក គេមើលឃើញគ្រប់គ្នា​ គាត់បែរជាដាក់បាល់ថ្មីវាយបន្ត ដោយមិនខ្វល់ពីបាល់ពិន័យសោះ។»

តើនរណាទៅ ដែល«លេងភ្នាល់»យ៉ាងសំខាន់​ជាមួយលោក ហ៊ុន សែន រហូតដល់ថ្នាក់លោកយកមក​និទាន​ប្រាប់គេឯង​បែបនេះ? មិនមែននិទានត្រឹមប៉ុណ្ណឹងទេ លោកនាយករដ្ឋមន្ត្រី នៅបានចំអកដាក់«ដៃគូប្រកួត»របស់លោកម្នាក់នេះទៀតថា៖

«ពេលនេះ គាត់កំពុងចូលបន្ទប់ទឹក​ ខ្ញុំរង់ចាំខាងក្រៅ​ ប៉ុន្តែសង្ស័យថា គាត់មិនព្រមចេញមកទេដឹង​ ឬគាត់ទម្លាយទ្វារត់ ចេញទៅក្រៅតារាងបាត់ហើយ។​ តែទោះយ៉ាងណា​ ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួត ព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ ដោយសំដីក្អេងក្អាងទៀតផង។»​

កាលពី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក សម រង្ស៊ី បានប្រកាសភ្នាល់​ជាមួយ​លោក ហ៊ុន សែន តាមបណ្ដាញសង្គមថា បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង ដូច​ការអះអាង​របស់​លោក​ទេ លោកនឹង​ត្រឡប់មក​ប្រទេស​កម្ពុជា ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន ចាប់​។ លោក បាន​សរសេរ​​នៅពេលនោះ​​ថា​៖

«​បើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន ខ្ញុំ​សុខចិត្ត​ដើរចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យកទៅ​ឃុំ​ទន្ទឹមនឹង​លោក កឹម សុខា​»​។​

​បន្ទាប់ពីសារ​របស់លោក សម រង្ស៊ី ត្រូវបានបង្ហោះចេញ លោក ហ៊ុន សែន ក៏បាន​ឆ្លើយតបវិញភ្លាមដែរ តាមរយៈសារព័ត៌មានស្និតនឹងរូបលោកថា៖

«​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី​។ បើ​មានការ​ដោះលែង កឹម សុខា មែន ខ្ញុំសុខចិត្ត​ចុះចេញ​ពី​តំណែង​ តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី​។ ប៉ុន្តែ​បើលោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់ ហើយ​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​ បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​»​។

តាំងពីពេលនោះ រហូតមដល់សព្វថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏តែងចេញផ្សាយសឹងជារៀងរាល់ថ្ងៃ នូវចំនួនថ្ងៃដែលនៅសេសសល់ សម្រាប់ការភ្នាល់រវាងអ្នកនយោបាយទាំងពីររូប ដែលរងការរិះគន់ ថាជា​«ទង្វើអសីលធម៌ និងគ្មានគុណធម៌» ពីក្រុមអ្នកស្និតលោក កឹម សុខា។

យ៉ាងណា តាមរយៈសំណេរឌឺដងដដែលក្នុងថ្ងៃនេះ លោក ហ៊ុន សែន បានប្រាប់បន្តទៅលោក សម រង្ស៊ី ទៀតថា៖

«សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង​ កុំ​រត់ចោល​ទីលាន​ប្រកួត»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។