បារាំង

ក្រុមអាវកាក់​លឿងបារាំង​ជាង​១ម៉ឺននាក់ បន្តបាតុកម្ម​«លើកទី១៤»

បាតុករអាវកាក់លឿង ប្រមាណជា១០២០០នាក់ នៅក្នុងប្រទេសបារាំង ក្នុងនោះ ៣០០០នាក់ នៅរដ្ឋធានីប៉ារីស បានបន្តបាតុកម្ម«លើកទី១៤» របស់ពួកគេជាបន្តទៀត នៅក្នុងថ្ងៃសៅរ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ នេះ បើតាមតួលេខ ផ្ដល់ដោយក្រសួងមហាផ្ទៃបារាំង ក្នុងល្ងាចថ្ងៃសៅរ៍ដដែល។

ប៉ុន្តែតួលេខខាងលើ ត្រូវបានក្រុមអាវកាក់លឿង បដិសេធ ដោយក្រុមនេះបានគិតថា អ្នកចូលរួមអាចមានចំនួនច្រើនជាង។

តួលេខរបស់ក្រសួង បង្ហាញថាចំនួនអ្នកចូលរួមបាតុកម្ម របស់ក្រុមអាវកាក់លឿង មានការថយចុះ បើប្រៀបធៀបទៅចុងសប្ដាហ៍កន្លងទៅ។ នៅម៉ោងដូចគ្នា បាតុករអាវកាក់លឿង កាលពីថ្ងៃសៅរ៍មុន មានចំនួនប្រមាណជា ១២ ១០០នាក់ (ក្នុងនោះ ៤០០០នាក់ នៅរដ្ឋធានីប៉ារីស)។

បាតុកម្ម«លើកទី១៤»នេះ មិនមានផ្ទុះអំពើហិង្សាអ្វីធំដុំទេ។ ផ្ទុយទៅវិញ សកម្មភាពគួរឲ្យកត់សម្គាល់ សម្រាប់បាតុកម្មលើកទី១៤ ដែលត្រូវបានធ្វើបន្តបន្ទាប់គ្នា តាំងពី៣ខែមកនោះ គឺមានការបិទផ្លូវឡើងវិញ នៅតាមរង្វង់មូល ក្រៅក្រុងមួយចំនួន ខណៈកាលពីសប្ដាហ៍មុនៗ ក្រុមបាតុករដែលធ្វើសកម្មភាពនេះ បានរំសាយគ្នាអស់ ចេញពីរង្វង់មូលទាំងនោះហើយ។

បាតុកម្មអាវកាក់លឿង ត្រូវបានរៀបចំធ្វើឡើង ដើម្បីជំទាស់នឹងនយោបាយ របស់រដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលក្រុមបាតុករយល់ថា បានផ្ដល់ផលប្រយោជន៍ខ្លាំង ទៅអ្នកមានប្រាក់ ឬម្ចាស់ក្រុមហ៊ុនសហគ្រាស ច្រើនជាងអ្នកមានជីវភាពធម្មតា ឬបុគ្គលិកកម្មករ។

ប៉ុន្តែកម្លាំងបាតុកម្មទាំងនោះ បានថយថមយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបារាំង បានប្រកាសធ្វើកំណែទម្រង់ និងប្រកាសធ្វើប្រជាមតិ នៅតាមតំបន់ ដែលជាជំនួបផ្ទាល់រវាងប្រធានាធិបតី ឬតំណាងប្រធានាធិបតី ជាមួយប្រជាពលរដ្ឋ។

អំពើហិង្សា ដែលបានកើតឡើងជាបន្តបន្ទាប់ ក្នុងអឡុងពេលធ្វើបាតុកម្ម ក៏ជាផ្នែកមួយ ដែលធ្វើឲ្យបាតុកម្មថមថយកម្លាំងដែរ។ ការស្ទង់មតិជាច្រើន បានបង្ហាញឲ្យដឹងពីនិន្នាការ​នេះ ដោយបញ្ជាក់ថា ពលរដ្ឋបារាំងភាគច្រើនស្អប់អំពើហិង្សា ដែលបង្កឡើងដោយជនជ្រុលនិយម និងជនឱកាសនិយម នៅក្នុងចំណោមបាតុករ។ ចំណែករដ្ឋាភិបាលបារាំងវិញ បានចាត់វិធានការ ដើម្បីទប់ទល់នឹងអំពើហិង្សា និងថែមទាំងបានកែច្បាប់ ត្រង់មាត្រាមួយចំនួន ដើម្បី​ប្រឆាំងជនបំផ្លាញ នៅក្នុងពេលធ្វើបាតុកម្មនោះផង៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។