កម្ពុជា

ហ៊ុន សែន ៖ «បើ​តឹងច្រមុះ​រន្ធទាំងពីរ ហ្អែង​ដកដង្ហើម​តាមមាត់»

«យើងធ្វើសេដ្ឋកិច្ច មិនមែនពឹងពាក់ តែវិស័យណាមួយ ដែលទុកឲ្យគេខ្ទប់ច្រមុះយើង ស្លាប់នោះទេ» នេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការថ្លែងមួយរបស់លោក កាលពីព្រឹកម៉ិញ ជុំវិញនយោបាយ «សេដ្ឋកិច្ច» ថ្មី ដែលលោកហៅថា ជា​«ការធ្វើ​សេដ្ឋកិច្ច ច្រើនផ្នែក ច្រើនយ៉ាង និងច្រើនប្រទេស»។

បន្ទាប់ពីការបង្ហើប នូវវិធានការមួយចំនួន កាលពីចុងសប្ដាហ៍មុន ដើម្បីទប់ទល់នឹងការលើកប្រព័ន្ធអនុគ្រោះពន្ធ ពីសំណាក់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកនោះ លោក ហ៊ុន សែន បានថ្លែងក្នុងពិធី បើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ នាខេត្តកណ្ដាល ដោយធ្វើការប្រៀបធៀបថា លោកមានរន្ធច្រមុះពីរ និងមាត់មួយ បើបិទរន្ធណាមួយ នៅមានរន្ធផ្សេងទៀត ដើម្បីដកដង្ហើម។

បុរសខ្លាំងកម្ពុជា បានពន្យល់ថា៖

«យើងធ្វើសេដ្ឋកិច្ច មិនមែនពឹងពាក់ តែនៅលើផ្នែកណាមួយ ដែលនៅពេលគេ គ្រាន់តែ​បិទក្បាលវ៉ាល់មួយ ធ្វើឲ្យយើងស្លាប់នោះទេ។ បើប្រៀបធៀប ជាមួយនឹងសេរីរាង្គមនុស្ស យើងមានរន្ធច្រមុះពីរ និងមាត់មួយ បើតឹងច្រមុះម្ខាង នៅសល់ម្ខាង គ្រាន់នឹងដកដង្ហើម។ ហើយបើតឹងច្រមុះទាំងពីរ ហ្អែងដកដង្ហើមតាមមាត់។»

លោកនាយករដ្ឋមន្ត្រី បានធ្វើសេចក្ដីសន្និដ្ឋានថា៖

«អញ្ចឹងទេ​ មិនងាយស្លាប់កម្ពុជាទេ»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។