កម្ពុជា

ហ៊ុន សែន ថា សម រង្ស៊ី ជាមនុស្សដ៏អន់​បំផុត ដែល​គ្រប់គ្រង​ក្រុមខ្លួន​​មិនបាន

«បើអ្នកឯងទុកឲ្យគេបំបែកបានដូច្នេះ អ្នកឯងមិនស័ក្ដិសមធ្វើជាមេដឹកនាំទេ» នេះ ជាសារនយោបាយរបស់លោក ហ៊ុន សែន ដែលថ្លែងសំដៅទៅលោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ជុំវិញការលើកឡើងថា យុទ្ធនាការចុងក្រោយ នៃការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ពីសំណាក់មន្ត្រីគណបក្សប្រឆាំងមួយចំនួន ជាកលល្បិចបំបែកបំបាក់ របស់លោកនាយករដ្ឋមន្ត្រី។

លោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះលោក សម រង្ស៊ី ទេ នៅក្នុងការថ្លែងរបស់លោក នាព្រឹកថ្ងៃព្រហស្បត្តិទី២១ ខែមិនា ឆ្នាំ២០១៩នេះ ក្នុងពិធីចែកសញ្ញាបត្រមួយ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ តែបើទោះជាលោកនាយករដ្ឋមន្ត្រី លើកនិយាយពីសត្វ«ទទា»ក៏ដោយ ក៏ភាសានយោបាយរបស់លោក ត្រូវបានគេមើលឃើញថា មិនសំដៅទៅនរណាផ្សេង ក្រៅពីលោក សម រង្ស៊ី នោះឡើយ។

នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ បុរសខ្លាំងកម្ពុជាបានថ្លែងឡើងថា៖

«អ្នកគឺជាមនុស្សអន់បំផុតហើយ។ ក្នុងការធ្វើមេដឹកនាំ ហើយបណ្ដោយឲ្យគេបំបែកបាន។ អ្នកគឺជាមនុស្សដែលអន់បំផុត មិនអាចធ្វើជាមេដឹកនាំប្រទេស កុំថាធ្វើជាមេដឹកនាំប្រទេស សូម្បីតែធ្វើមេដឹកនាំគណបក្សនយោបាយមួយ ឬកូនក្លឹបសមាគមមួយ ក៏អ្នកឯងមិនអាចធ្វើទៅរួចដែរ។»

សារចុងក្រោយមួយ របស់មេដឹកនាំប្រឆាំង ដែលបង្ហោះនៅលើបណ្ដាញសង្គម កាលពីល្ងាចម្សិលម៉ិញ បានអំពាវនាវទៅអ្នកគាំទ្រ កុំជឿលោក ហ៊ុន សែន និងក្រុមឃោសនារបស់លោក ដែលបានលើកឡើងថា លោក កឹម សុខា មានបំណងចង់ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោកនាយករដ្ឋមន្ត្រី។

គូបដិបក្ខនយោបាយដ៏សំខាន់ របស់លោក ហ៊ុន សែន បានបន្តបញ្ជាក់ជំហរ ជំនួសលោក កឹម សុខា ដែលជាប្រធានគណបក្សថា៖

«កឹម សុខា នៅតែស្មោះត្រង់ជាមួយប្រជារាស្ត្រ និងជាមួយគណបក្សសង្គ្រោះជាតិជានិច្ច ពីព្រោះលោកយល់ថា ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោ ហើយចង់គេចផុតពីសម្ពាធអន្តរជាតិ ដែលបង្ខំឲ្យគាត់ដោះលែងរូបលោក និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។»

លោក សម រង្ស៊ី បន្តទៀតថា៖

«ដោយសារតែ ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោនេះហើយ បានជាគាត់ដើរភូតកុហកគេឯងថា កឹម សុខា ចង់ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីគាត់។ ហ៊ុន សែន ឃោសនាបែបនេះ ដើម្បីទៅបញ្ចុះបញ្ចូលអន្តរជាតិថា មិនចាំបាច់ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ ពីព្រោះ កឹម សុខា ចង់ទៅបង្កើតគណបក្សថ្មីមួយទៀត។ នេះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រទេ។»

ប៉ុន្តែមេដឹកនាំរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានតបវិញថា៖

«អ្នកតែងតែនិយាយថា គណបក្សប្រជាជនជាអ្នកបំបែក។ ប៉ុន្តែបើសិនជាអ្នកកុំបែកទៅ វាយ៉ាងម៉េច? វាអត់រន្ទះបាញ់ទេ។ ប៉ុន្តែរឿងរបស់អ្នក ផ្ដើមចេញពីអាលាបពណ៌ អាមេលាបពណ៌ឲ្យកូន ដែលធ្វើកូនឈឺចិត្ត។»

«ខ្ញុំសុំផ្ដាំទៅអ្នក អ្នកមិនគួរនិយាយភាសាហ្នឹងទេ ព្រោះភាសាថាគេបំបែក ព្រោះពាក្យមួយម៉ាត់នេះ ស្មើនឹងការបន្តុះបង្អាប់ខ្លួនតែប៉ុណ្ណឹង៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។