កម្ពុជា

ហ៊ុន សែន ថា«ទិវា​២០ឧសភា» ដើម្បី​រំលឹកពី​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានអះអាងថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឬហៅថា «ទិវា​២០ឧសភា» ធ្វើឡើងដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើង ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត រវាងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥  ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលធ្លាប់ជាមេទាហានខ្មែរក្រហមដែរនោះ បានពន្យល់ថា គោលបំណនៃទិវាជាតិនៃការចងចាំនេះ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសល ដល់ជនរងគ្រោះ ដែលបានស្លាប់ច្រើនលាននាក់ នៅក្នុងរបបនោះ។

បុរសមានអំណាចជាងគេ នៃព្រះរាជាណាចក្រទីពីរ បាននិយាយជំនួស​ឲ្យប្រជាជនកម្ពុជា ថាពួកគេភាគច្រើនលើសលុប សុទ្ធតែ«បានដឹង និងយល់ច្បាស់» អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ ក្នុងរបបបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។ ទំព័រហ្វេសប៊ុករបស់លោក បានរៀបរាប់ថា៖

«ប្រជាជាពលរដ្ឋខ្មែរមួយប្រទេស បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានតាំងពីកំណើតរបស់មនុស្សក៏គ្មានដែរ។»

របបកម្ពុជាប្រជាធិបតេយ្យ ដែលគាំទ្រដោយប្រទេសចិន បានកន្លងផុតទៅ អស់រយៈពេលជាង៤០ឆ្នាំទៅហើយ។ តែយុត្តិធម៌សម្រាប់ជនរងគ្រោះ នៅក្នុងរបបនោះ នៅតែជាសំនួរដែលពោរពេញ ដោយភាពមន្ទិលនៅឡើយ។

បើទោះជាតុលាការកូនកាត់មួយ ដែលបង្កើតឡើងនៅកម្ពុជា រវាងក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ បានកាត់ទោសមេដឹកនាំ ធំបំផុតមួយចំនួន នៃរបបអាវខ្មៅនេះក៏ដោយ តែមូលហេតុដែលឈានទៅដល់ ការធ្វើទារុណកម្ម និងការកាប់សម្លាប់ (…) ដូចដែលលោក ហ៊ុន សែន លើកឡើងខាងលើនេះ មិនដែលត្រូវបានលាតត្រដាង និងបញ្ជាក់យ៉ាងដូចម្ដេចនោះទេ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។