កម្ពុជា

ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន ប្រាប់​អ្នកប្រើប្រាស់​ឲ្យ​«មាន​ការទទួល​ខុសត្រូវ»

អ្នក«ប្រើប្រាស់បណ្ដាញសង្គម»ទាំងឡាយ ត្រូវ«មាន​ការទទួល​ខុសត្រូវ» និង«ប្រុងប្រយ័ត្នខ្ពស់» ជាពិសេសត្រូវកត់សម្គាល់ ពីគណនេយ្យ និងទំព័រ (Profile/Page) ពិត របស់លោក ហ៊ុន សែន ដែលមានតែមួយគត់។

ខាងលើនេះ ជាការលើកឡើង របស់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកផ្លូវការ របស់នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបង្ការទល់នឹង «ជនអគតិ» ដែលបង្កើតគណនេយ្យ និងទំព័រក្លែងក្លាយជាច្រើន រួចបង្ហោះនូវ «ព័ត៌មានមិនពិត» ក្នុងគោលបំណង «បំពុលសង្គម»។

បើគេវាយអក្សរ «Hun Sen» នៅក្នុងប្រអប់រុករក លើហ្វេសប៊ុក (Facebook) គេនឹងឃើញមានគណនេយ្យ ដាក់ឈ្មោះ «Hun Sen» យ៉ាងច្រើនសន្ធឹកសន្ធាប់ចេញមក។ គណនេយ្យ និងទំព័រមួយចំនួន បានដាក់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមួយចំនួនទៀត បានដាក់រូប «Logo» របស់រដ្ឋាភិបាលកម្ពុជា។

ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី បានសរសេរក្នុងយប់ថ្ងៃពុធ ទី១៥ ខែមេសានេះថា៖

«ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្រ្តប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏មានជនអគតិមួយចំនួន បានប្រឌិត នូវព័ត៌មានមិនពិតជាច្រើន ដើម្បីបំពុលសង្គមជាតិ។»

«ទន្ទឹមនឹងនោះ ក៏មានជនអគតិមួយចំនួន បានលួចបង្កើត Profile និង Page មិនពិតជាច្រើនក្នុង facebook ដាក់ឈ្មោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាមិនល្អ ដោយបានបង្ហោះសារ និងព័ត៌មានបោកប្រាស់ បំភាន់ភ្នែកសាធារណៈជនជាច្រេីន។»

បន្ទាប់មក ម្ចាស់សំណេររូបនោះ បានធ្វើការណែនាំ ទៅកាន់បណ្ដាអ្នកប្រើប្រាស់ បណ្ដាញសង្គម ដូច្នេះថា៖

«សូមបងប្អូនជនរួមជាតិ ប្រើប្រាស់បណ្តាញសង្គម facebook មាន​ការទទួល​ខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ហើយកត់សម្គាល់ Profile/Page ពិត និង Profile/Page ក្លែងក្លាយដែលដាក់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន កំពុងបង្ហោះសារ និងព័ត៌មានមិនពិត ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ប្រមុខដឹកនាំ។»

«សូមក្រសួងជំនាញ ស្រាវជ្រាវពិនិត្យ និងបិទ Profile/Page ក្លែងក្លាយទាំងនោះ ជាបន្ទាន់ ដើម្បីកុំអោយបន្តផ្សព្វផ្សាយសារ និងព័ត៍មានបោកបញ្ឆោត បំពុលបរិកាសសង្គមជាបន្តទៀត។»

គណនេយ្យ និងទំព័រក្លែងក្លាយ នៅលើបណ្ដាញសង្គម ដែលយកឈ្មោះជនល្បីៗ មកដាក់ជាឈ្មោះ របស់គណនេយ្យ និងទំព័រទាំងនោះ មិនមែនជារឿងថ្មីទេ។ តាំងពីខែសីហា ឆ្នាំ២០១២​មកម្លេះ ក្រុមហ៊ុនយក្ស ដែលជាម្ចាស់បណ្ដាញសង្គម ហ្វេសប៊ុក បានអះអាងថា ខ្លួនបានលប់ចោលគណនេយ្យក្លែងក្លាយ ឬគណនេយ្យខ្មោច ប្រមាណជា៨៣លាន​គណនេយ្យ រួចជាស្រេចហើយ

តែសួរថា អ្នកបង្កើតគណនេយ្យខ្មោចទាំងនោះ មានទោសអ្វីខ្លះ?

វិស្វករ​ផ្នែក​បច្ចេកវិទ្យា ពីទីក្រុង ម៉ុងរ៉េអាល់ (កាណាដា) លោក សុធា មេត្តា បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះបន្តិចថា មានរឿងពីរ ដែលត្រូវបែងចែកឲ្យដាច់ពីគ្នា៖ គណនេយ្យក្លែងក្លាយ និងការបញ្ចេញមតិ។

លោកបានពន្យល់ ចំពោះករណីទី១ថា ការបង្កើតគណនេយ្យក្លែងក្លាយ ជាទង្វើផ្ទុយពីលក្ខន្តិកៈប្រើប្រាស់ របស់ហ្វេសប៊ុក ដែលទាមទារឲ្យម្ចាស់គណនេយ្យទាំងឡាយ ត្រូវបង្ហាញ ពីអត្តសញ្ញាណពិត របស់ខ្លួន។ ដូច្នេះ បើហ្វេសប៊ុករកឃើញថា គណនេយ្យណាមួយនោះ ក្លែងក្លាយ ឬជាគណនេយ្យខ្មោច ហ្វេសប៊ុកនឹងលប់គណនេយ្យនោះចោល ហើយអាស័យដ្ឋានមែល «Mail» ដែលត្រូវបានប្រើ ដើម្បីបើកគណនេយ្យខ្មោច នឹងជាប់ចូលក្នុងបញ្ជីខ្មៅ របស់ហ្វេសប៊ុក។

សម្រាប់ករណីទី២ ត្រូវបានលោក សុធា មេត្តា ពន្យល់ថា បើហ្វេសប៊ុកក្លាយជា បណ្ដាញសង្គមទី១ នៅលើពិភពលោក គឺព្រោះតែហ្វេសប៊ុក គោរពការបញ្ចេញមតិ និងមិនដែលចាត់វិធានការ ប្រឆាំងសេរីភាព នៃការបញ្ចេញមតិទេ។ ប៉ុន្តែហ្វេសប៊ុក មានវិធានការមួយចំនួន ដើម្បីបំបាត់ព័ត៌មានក្លែងក្លាយ និងការបង្ហោះសារ ដែលមានលក្ខណៈហិង្សា ឬអំពាវនាវឲ្យធ្វើអំពើហិង្សា។

លោកវិស្វករបន្តថា ហ្វេសប៊ុកអាចសហការ ជាមួយអាជ្ញាធរនៃប្រទេស ដែលខ្លួនមានការិយាល័យតាំងនៅ សម្រាប់ករណីធ្ងន់ធ្ងរមួយចំនួន ដូចជាគណនេយ្យដែលអំពាវនាវ ឲ្យធ្វើអំពើភេរវកម្ម ឬគណនេយ្យ​​ដែលបញ្ចេញសកម្មភាព ត្រៀមធ្វើមនុស្សឃាត លក់អាវុធ ឬលក់គ្រឿងញៀន​ជាដើម។

នៅចំពោះការសាកសួរថា តើអាជ្ញាធរកម្ពុជា មានអំណាចបែបណា ទើបតែងគម្រាមជាញយដង ថាខ្លួននឹងលប់គណនេយ្យខ្មោច ទាំងនោះចោល ហើយថា ខ្លួននឹងយកអ្នកនៅពីក្រោយគណនេយ្យទាំងនោះ មកផ្ដន្ទាទោសនោះ? លោក សុធា ថ្លែងថា៖

«អាជ្ញាធរកម្ពុជា គ្មានអំណាចបែបនេះ ទាល់តែសោះ ព្រោះហ្វេសប៊ុកគ្មានការិយាល័យ ប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរកម្ពុជា គ្រាន់តែអាចរាយការណ៍ (Report) ពីគណនេយ្យ ឬទំព័រក្លែងក្លាយទាំងនោះ ឡើងទៅហ្វេសប៊ុក។ ហើយការរាយការណ៍នេះ ខ្ញុំឬលោកប្អូន (អ្នកសារព័ត៌មាន) ឬនរណាក៏ដោយ សុទ្ធតែមានសិទ្ធិធ្វើបាន ដោយមិនចាំបាច់ ពាក់ផ្លាកអាជ្ញាធរ ឬជនមានអំណាចណាមួយទេ។»

«ផ្ទុយទៅវិញ បើម្ចាស់គណនេយ្យ​ណា​បង្ហាញ​ភស្ដុតាង ឡើងទៅហ្វេសប៊ុក ថាគេពិតជាមានឈ្មោះ “Hun Sen” ដែរនោះ គណនេយ្យនោះនឹងមិនត្រូវបានលប់ចោលទេ ព្រោះឈ្មោះមនុស្ស មិនមានកម្មសិទ្ធិបញ្ញាទេ។ លោកប្អូនអាចដាក់ឈ្មោះ កូនលោកប្អូនថា “ហ៊ុនសែន ទូច” ឬ”ហ៊ុនសែន ត្នោត”បាន ដោយគ្មាននរណាហាមឃាត់ឡើយ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។