កម្ពុជា

ហ៊ុន សែន គ្រោង​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក នៅឆ្នាំក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅព្រឹកថ្ងៃពុធនេះ ថារដ្ឋាភិបាលលោក គ្រោង​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក នៅឆ្នាំក្រោយ ដើម្បីអ្វីមួយដែលលោកហៅថា ជាការយកចិត្តសម្រាប់អ្នកវិនិយោគ (ឬម្ចាស់រោងចក្រ)។

ថ្លែងនៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ ក្នុងវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា កម្ពុជាដែលជាប្រទេសក្រីក្រ មានថ្ងៃឈប់សម្រាកច្រើនហួស រហូតដល់ទៅ២៨ ឬ ៣០ថ្ងៃក្នុងមួយឆ្នាំ។

លោកនាយករដ្ឋមន្ត្រី បានស្រង់សំដីត្អូញត្អែរ របស់បណ្ដាថៅកែរោងចក្រ ឬអ្នកវិនិយោគ មកបញ្ជាក់ថា ថ្ងៃឈប់សម្រាករបស់កម្ពុជា ច្រើនហួសជាងប្រទេសអ្នកមានមួយចំនួន នៅក្នុងតំបន់ ដូចជាប្រទេសសិង្ហបូរីជាដើម ដែលមាន​ចំនួន​ថ្ងៃឈប់សម្រាក​ប្រចាំថ្ងៃ ត្រឹមតែ១១ថ្ងៃ។ 

ដូច្នេះ នឹងមានការកាត់បន្ថយ ចំនួនថ្ងៃឈប់សម្រាកនេះ នៅឆ្នាំក្រោយ។ នេះ បើតាមការអះអាងរបស់លោក ហ៊ុន សែន បើទោះជាលោកដឹងថា ថ្ងៃឈប់សម្រាកនេះ ជាបញ្ហារសើបសម្រាប់មន្ត្រីរាជការ កម្មករ-កម្មការិនីក៏ដោយ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។