កម្ពុជា

ហ៊ុន សែន គ្រោងឲ្យ​មន្ត្រី​ទៅស្នាក់​នៅ​«សៀមរាប» ជំនួស​អ្នក​ទេសចរណ៍

ដើម្បីដោះស្រាយវិបត្តិ មេរោគ«កូរូណា»ថ្មី ដែលកំពុងរួមរិតវិស័យទេសចរណ៍កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំធំៗផ្សេងទៀត នៅក្នុងខេត្ត«សៀមរាប»។

គម្រោងបើកកិច្ចប្រជុំនេះ ត្រូវបានបុរសខ្លាំងកម្ពុជា ពន្យល់ថា គឺដើម្បីឲ្យក្រុមមន្ត្រីរាប់រយ-រាប់ពាន់នាក់ នៃរដ្ឋាភិបាលរបស់លោក ទៅស្នាក់ក្នុងសណ្ឋាគារ ឬចូលទទួលទានអាហារ នៅក្នុងភោជនីយដ្ឋាន នាតំបន់នោះ ជំនួសឲ្យអ្នកទេសចរណ៍ ដែលមកដល់ថ្ងៃនេះ បានផ្អាក ឬលប់ចោលដំណើរកំសាន្ដ របស់ផងខ្លួន ព្រោះការខ្លាចរអា ទល់នឹងមេរោគ«កូរូណា»ថ្មី។

លោក ហ៊ុន សែន បានថ្លែងឡើងដូច្នេះ ក្នុងសារពិសេសមួយ ដែលលោកធ្វើចេញ ពីវិមានសន្ដិភាព (រាជធានីភ្នំពេញ) មុននឹងមានកិច្ចប្រជុំ ​ប្រចាំឆមាសទី៣ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

នាយករដ្ឋមន្ត្រី​ដែលអង្គុយ​ក្នុងតំណែង ជាង៣៥ឆ្នាំ បានថ្លែងថា លោកចង់ឲ្យកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ឬកិច្ចប្រជុំរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គួរត្រូវបានធ្វើ នៅក្នុងខេត្តសៀមរាប ដើម្បីជួយដោះស្រាយវិបត្តិ គ្មានភ្ញៀវទេសចរណ៍ ឬជួយផ្ដល់កំណើន ទេសចរណ៍ក្នុងស្រុក។ លោកថា បើមានកិច្ចប្រជុំនៅទីនោះ ក្រុមមន្ត្រីនឹងទៅស្នាក់ ក្នុងសណ្ឋាគារ និងចូលទទួលទាន ក្នុងភោជនីយដ្ឋាន ដែលគ្មានទេសចរណ៍។

យ៉ាងណា លោក ហ៊ុន សែន មិនបានបង្ហើបឲ្យដឹងថា លោកគ្រោងបើកកិច្ច​ប្រជុំទាំងនេះ នៅពេលណាទេ។

ក្រៅពីនេះ លោក ហ៊ុន សែន បានដាក់ចេញ នូវវិធានការមួយចំនួន ដើម្បីជួយសម្រួលដល់វិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ ដោយសារតែមេរោគ«កូរូណា (COVID-19)»។ ពីក្នុងចំណោមវិធានការទាំងនោះ លោកនាយករដ្ឋមន្ត្រី បានប្រកាសលើកលែង ការបង់ពន្ធប្រចាំខែ ដល់សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តសៀមរាប ដែលបានចុះបញ្ជី ក្នុងអគ្គនាយកពន្ធដារ សម្រាប់​រយៈពេល៤ខែ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។