បាល់ទាត់

ប៉ារីស ចាញ់ ដ័រមូន ក្នុង​ការប្រកួត​«ទៅ» ក្រោមថ្វីជើងខ្សែប្រយុទ្ធអាយុ​១៩ឆ្នាំ

CHAMPIONS LEAGUE ៖ កីឡាករ «Erling Haaland» ខ្សែប្រយុទ្ធ​អាយុ១៩ឆ្នាំ​របស់ក្រុម ដ័រមូន (Borussia Dortmund – អាល្លឺម៉ង់) បានរកបាន​គ្រាប់បាល់​ពីរគ្រាប់​តែឯង បំបាក់ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) ក្នុង​ការប្រកួត​«ទៅ» វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប (Champion League) ក្នុងយប់ថ្ងៃអង្គារនេះ។

បើទោះជាក្រុមប៉ារីស នៅសល់​ការប្រកួត​«ត្រឡប់»​ម្ដងទៀត ដែលនឹង​ត្រូវធ្វើក្នុង៣សប្ដាហ៍ខាងមុខ ក្នុងផ្ទះខ្លួនឯងក្ដី តែប្រសិទ្ធភាព នៃខ្សែប្រយុទ្ធវ័យក្មេង ជាតិណ័រវេស និងសាច់បាល់ របស់ក្រុមបាល់ទាត់ ដ័រមូន ក្នុងយប់នេះ មានប្រៀបជាងក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង យ៉ាងច្រើន។ ក្រុមដ័រមូន មានឱកាសទាត់បញ្ចូលទី របស់ក្រុម ប៉ារីស ដល់ទៅ ១២ដង។

ពីក្នុងចំណោមឱកាស​ជាច្រើន​នោះ កីឡាករ «Erling Haaland» បានជួយរកគ្រាប់បាល់ ឲ្យក្រុមខ្លួន បានពីរគ្រាប់ នៅនាទីទី ៦៩ និង៧៧។

រីឯខ្សែប្រយុទ្ធ​ដ៏ល្បី​ទាំងបី​រូប​របស់ក្រុម ប៉ារីស រួមមានកីឡាករ ណីម៉ា (Neymar) អ៊ឹមបាពេ (Kylian Mbappé) និងកីឡាករ ឌីម៉ារីយ៉ា (Angel Di Maria) ក៏មានឱកាសច្រើន រហូតដល់១០ដង ដើម្បីរកគ្រាប់បាល់​ឲ្យក្រុមខ្លួននោះដែរ តែការវាយលុករបស់ពួកគេ មិនសូវមានប្រសិទ្ធិភាព ហើយតែងជួប​នឹង​ជញ្ជាំងការពារ​ដ៏រឹងមាំ​របស់ក្រុម ដ័រមូន។

ប៉ុន្តែជាមួយនឹងទេពកោសល្យ របស់ខ្លួន កីឡាករ អ៊ឹមបាពេ បានបណ្ដើរបាល់ ទម្លោះខ្សែការពារទាំងនោះ មុននឹងបញ្ជូនមកឲ្យកីឡាករ ណីម៉ា ទាត់បញ្ចូលទីបានមួយគ្រាប់ នៅនាទីទី ៧៥។

មួយគ្រាប់បាល់នេះ របស់ក្រុម ប៉ារីស ដែលរកបាននៅក្រៅផ្ទះខ្លួន មានតម្លៃណាស់ សម្រាប់ក្របខណ្ឌនៃការប្រកួតជើងឯកអ៊ឺរ៉ុប ដែលមានការប្រកួតដល់ទៅពីរដង ដើម្បីយកចាញ់ឈ្នះ។ សម្រាប់ការប្រកួត«ត្រឡប់» ដែលនឹងត្រូវធ្វើ ក្នុងពេលខាងមុខ ក្រុមប៉ារីស ខំយកឈ្នះក្រុមបាល់ របស់ប្រទេសអាល្លឺម៉ង់ ត្រឹមតែ១គ្រាប់ នោះក្រុមនេះ នឹងបានឆ្លងវគ្គ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។