កម្ពុជា

ហ៊ុន សែន មានជំងឺ​«គ្រេចស្មា»​ត្រូវទៅ​ព្យាបាល​នៅ​សិង្ហបូរី ក្នុង​សប្ដាហ៍ក្រោយ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហើបឲ្យដឹងថា លោកមានជំងឺ«គ្រេចស្មា»ខាងស្ដាំ ហើយគ្រូពេទ្យតម្រូវឲ្យលោក ត្រូវទៅពិនិត្យនិងព្យាបាល នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសសិង្ហបូរី។ អវត្តមានរបស់លោក មានន័យស្មើនឹងការលប់ចោលទាំងអស់ នូវជំនួបទាំងឡាយ ទាំងជាមួយភ្ញៀវជាតិ និងអន្តរជាតិ។

បុរសខ្លាំងកម្ពុជា ដែលកាន់អំណាច តាំងពីជាងបីទសវត្សរ៍មកនោះ បានប្រកាសឡើងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីប៉ុន្មាននាទីមុន។ លោក បានសរសេរថា៖

«ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបូរីពិនិត្យនិងព្យាបាល ខ្ញុំសូមអធ្យាស្រ័យ ពីសំណាក់មិត្តភក្តិទាំងបរទេស ទាំងខ្មែរ ដែលត្រូវជួបខ្ញុំ នៅសប្តាហ៍ក្រោយនេះ ដែលខ្ញុំត្រូវលុបចោល នូវជំនួបនោះ។»

ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំទៅឱ្យគ្រូ ពេទ្យសិង្ហបូរីពិនិត្យនិងព្យាបាល។ ខ្ញុំសូមអធ្យាស្រ…

Posted by Samdech Hun Sen, Cambodian Prime Minister on Saturday, July 6, 2019


នេះ ជាលើកទីពីរ ក្នុងរយៈពេលជាងកន្លះឆ្នាំ ដែលលោក ហ៊ុន សែន អះអាងជាសាធារណៈ ថាលោកមានជំងឺ ដែលតម្រូវឲ្យមានការពិនិត្យ និងការព្យាបាល។

កាលពីចុងខែធ្នូកន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានបង្ហើប ឲ្យដឹងម្ដងហើយ  ជុំវិញជំងឺរបស់លោកមួយ ដែលគ្រូពេទ្យបានហាមលោក មិនឲ្យឈរឬអង្គុយយូរ។ បុរសខ្លាំងកម្ពុជា អាយុ៦៦ឆ្នាំរូបនេះ បានអះអាងក្នុងពេលនោះថា គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយកូនគោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនោះ។

បន្ទាប់មក នៅចុងខែមករាចូលមកដើមខែកុម្ភៈ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី បានអវត្តមាន មិនបង្ហាញខ្លួន ជាសាធារណៈ អស់រយៈពេល១៩ថ្ងៃ ដែលធ្វើឲ្យផ្ទុះឡើងនូវសំនួរជាច្រើន រួមនឹងសង្គ្រាមប៉ាកកា ជាមួយមន្ត្រីគណបក្សប្រឆាំងផង ជុំវិញបញ្ហាសុខភាពពិត របស់លោក។

យ៉ាងណា នៅតាមរូបថតនានា ដែលលោក ហ៊ុន សែន ផ្ទាល់ និងអ្នកហែហមបានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញថា បុរសដែលចង់កាន់អំណាច បន្តរហូតដល់ឆ្នាំ២០៣៥ នៅតែមានភាពស្វាហាប់ និងសុខភាពល្អនៅឡើយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។