កម្ពុជា

ហ៊ុន សែន អះអាង​មិនយក​«សន្តិភាព ឯករាជ្យភាព និងបូរណភាព»​ជាថ្នូរ​

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងនៅថ្ងៃសៅរ៍នេះ ថារបបដឹកនាំរបស់លោក នឹងមិនយក «សន្តិភាព ឯករាជ្យភាព និងបូរណភាព» នៃប្រទេសកម្ពុជា ទៅដូរនឹងអ្វីមួយជាដាច់ខាត។

ការអះអាងរបស់លោក ហ៊ុន សែន ហាក់តបទៅមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលបានអំពាវនាវម្ដងហើយម្ដងទៀត ឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ងើប​ឈរឡើងដើម្បី​ទម្លាក់​លោកនាយករដ្ឋមន្ត្រី ចេញពីអំណាចដ៏ចាស់វស្សា ដែលបុរសខ្លាំង​កម្ពុជា បានអង្គុយតាំងពីជាង៣ទសវត្សរ៍មកនោះ។

គូរបដិបក្ខនយោបាយទាំងពីរ បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីថ្លែងពីសារនយោបាយរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«យើងរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីខិតខំកសាងប្រទេសជាតិឲ្យបានល្អ។ អ្វីដែលធ្វើឲ្យកម្ពុជាយើងរឹងមាំ និងកាន់តែរីកចម្រើនរុងរឿងទៅមុខ “គឺ សន្តិភាព ឯករាជ្យភាព និងបូរណភាព ទឹកដី” ដែលយើងដាច់ខាតមិនត្រូវយកទៅដូរ នឹងថ្នូរអ្វីមួយនោះឡើយ។»

«កម្ពុជាទម្រាំមានថ្ងៃនេះ គឺបានឆ្លងកាត់ឧបសគ្គ និងការលំបាកខ្លាំងណាស់ ដូច្នេះយើងមិនត្រូវបណ្តោយឲ្យជនអគតិទាំងឡាយណា មកបំផ្លិចបំផ្លាញសេចក្តីសុខ របស់កម្ពុជាបានតទៅទៀត ជាដាច់ខាត។»

ខណៈសេចក្ដីអំពាវនាវចុងក្រោយបង្អស់ របស់លោក សម រង្ស៊ី វិញ បានសរសេរអំពាវនាវឲ្យប្រជាពលរដ្ឋ គ្រប់ខេត្តក្រុង និងគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយលោក ដើម្បី (១) ទាមទារយកដីធ្លី គឺស្រែ ចំការ និងផ្ទះសម្បែង ដែលលោកថា ត្រូវបានប្លន់ដោយអាជ្ញាធរពុករលួយ និងឈ្មួញខិលខូច (២) ទាមទារឲ្យលុបចោលសម្បទានដីធ្លី សម្បទានព្រៃឈើ និងសម្បទានរ៉ែ រយៈពេលរាប់សិបឆ្នាំ រហូតដល់ទៅ ៩៩ ឆ្នាំ ដែលរបបក្រុងភ្នំពេញ បានប្រគល់ឲ្យក្រុមហ៊ុនបរទេស និង (៣) លុបបំបាត់បំណុលទាំងឡាយរបស់ប្រជារាស្ត្រ ដែលបានធ្លាក់ខ្លួនក្រ ក្រោមរបបដឹកនាំនេះ ដែលមេដឹកនាំប្រឆាំងហៅថា ជារបបពុករលួយ ដែលបានប្លន់ទ្រព្យសម្បត្តិរាស្ត្រ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ។

មេដឹកនាំប្រឆាំង បានលើកឡើងថា៖

«រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងរឹបអូសទ្រព្យសម្បត្តិ ពីក្រុមគ្រួសារ ហ៊ុន សែន និងបរិវារ ដែលបានលួចប្លន់ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិជាតិ ហើយយកទ្រព្យសម្បត្តិដែលប្រមូលបានទាំងនោះ មកសងបំណុលជំនួសប្រជារាស្ត្រ និងរៀបចំប្រព័ន្ធសង្គមកិច្ចថ្មីមួយ មានទ្រង់ទ្រាយធំ និងលក្ខណៈទំនើប ដើម្បីលើកស្ទួយជីវភាពប្រជារាស្ត្រទូទៅ និងរួមចំណែករៀបចំសង្គមជាតិថ្មីមួយ ដែលមានលក្ខណៈស្អាតស្អំ ជឿនលឿន និងយុត្តិធម៌»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។