អាស៊ី-ប៉ាស៊ីភិក

ព្រះរាជវាំងថៃ ឲ្យដក​ព្រះរាមស្ដេច ចេញពី​បេក្ខភាព​ជានាយករដ្ឋមន្ត្រី

បេក្ខភាពជានាយករដ្ឋមន្ត្រី របស់ម្ចាស់ក្សត្រីថៃ ព្រះនាង អ៊ូបុល រតនា (Ubolratana) ដែលត្រូវជាព្រះរាមព្រះមហាក្សត្របច្ចុប្បន្ន មានរយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។ គណបក្សដែលតែងតាំងម្ចាស់ក្សត្រី ឲ្យធ្វើជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្ត្រី បានសម្រេចដកបេក្ខភាពនេះចេញវិញ បន្ទាប់ពីមានបម្រាមពី ព្រះរាជវាំងថៃ ក្នុងថ្ងៃសៅរ៍នេះ។

ដំណឹងខាងលើត្រូវបានផ្សាយចេញ នៅមុននេះ តាមកញ្ចក់ទូរទស្សន៍ ដោយបញ្ជាក់ថា «គណបក្ស “Thai Raksa Chart (ថៃរក្សាជាតិ)” សូមអនុវត្តន៍តាមរាជបញ្ជា»។

ប៉ុន្តែកាលពីព្រឹកថ្ងៃសៅរ៍ នៅមុនការដកបេក្ខភាពដោយគណបក្ស ម្ចាស់ក្សត្រី អ៊ូបុល រតនា បានបង្ហោះសារ នៅលើទំព័រអ៊ិនស្ដាហ្គ្រាមរបស់ព្រះនាង ដែលទំនងជាផ្ដល់ក្ដីសង្ឃឹមទៀតថា ព្រះនាងអាចស្នើបេក្ខភាពសារជាថ្មី។ សារនោះមានសេចក្ដីថា៖

«ខ្ញុំសូមជម្រាបឡើងវិញ ដោយក្ដីសោមនស្សបំផុត ថាខ្ញុំចង់ឲ្យប្រទេសថៃដើរទៅមុខ និងត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរជាតិ។»

ម្ចាស់ក្សត្រី អ៊ូបុល រតនា មានព្រះជន្ម ៦៧ព្រះវស្សា មានកំណើតក្នុងប្រទេសស្វីស និងបានគង់ប្រថាប់ជាច្រើនឆ្នាំ នៅសហរដ្ឋអាមេរិក។ ព្រះនាងត្រូវបានគេមើលដឹងថា មានសមានចិត្តជាមួយបណ្ដាជនស្រទាប់ទាបថៃ ជាពិសេសក្រុមអាវក្រហម ដែលគេស្គាល់ថា ជាក្រុមមានទំនោរ ទៅរកគ្រួសារត្រកូល ស៊ីណាវ៉ាត្រា។

គណបក្ស «ថៃរក្សាជាតិ» នេះ បង្កើតឡើង និងដឹកនាំដោយមនុស្សជំនិត នឹងអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលក្រុមអ្នកស្និតនឹង ព្រះរាជវាំងថៃ ស្អប់ខ្ពើមជាទីបំផុត។ 

ក្រុមអ្នកវិភាគនយោបាយថៃខ្លះ បានលើកឡើងថា បេក្ខភាពរបស់ម្ចាស់ក្សត្រី អ៊ូបុល រតនា បានដើរហួសពីបន្ទាត់ក្រហម ហើយអាចដាក់ឲ្យស្ថាប័នព្រះមហាក្សត្រ ស្ថិតក្នុងសភាពគ្រោះថ្នាក់ ឬផុយស្រួយ។

ចាប់តាំងពីឆ្នាំ១៩៣២ ដែលប្រទេសថៃប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះមក មិនធ្លាប់មានព្រះញាតិវង្សអង្គណាមួយ បានក្លាយជាប្រមុខដឹកនាំរដ្ឋាភិបាលទេ។ 

យ៉ាងណា ការបោះឆ្នោតជាតិ ដែលនឹងត្រូវធ្វើក្នុងខែមិនាខាងមុខ លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha) នាយករដ្ឋមន្ត្រីក្នុងតំណែង និងជាមេដឹកនាំយោធាថៃ គឺជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីតែមួយគត់ ដែលគ្មានបេក្ខជនណាផ្សេង អាចប្រកួតប្រកួតប្រជែងជាមួយលោកបានឡើយ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។