លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ទីភ្នាក់ងារព័ត៌មានរដ្ឋ ដែលហៅថា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (ជាអក្សរកាត់ AKP) ថាចេញផ្សាយព័ត៌មានយឺត ជាទីបំផុត ដែលខុសគ្នាឆ្ងាយ ពីសារព័ត៌មានឯកជនដទៃទៀត។
មេដឹកនាំរបបក្រុងភ្នំពេញ បានថ្លែងដូច្នេះ នៅចំពោះកម្មករ-កម្មការិនី ជាច្រើនពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងពិធីសំណេះសំណាលមួយ ដែលប្រារព្ធធ្វើក្នុងព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ នៅឯខេត្តកំពត។
លោក ហ៊ុន សែន បានថ្លែងសរសើរ «Fresh News» ថាចេញផ្សាយលឿន ភ្លាមៗ សូម្បីតែលោកមានប្រសាសន៍ មិនទាន់ចប់ផង ស្រាប់តែសារព័ត៌មាន ដែលចេញផ្សាយតាមប្រព័ន្ធអ៊ិនធើណែតមួយនេះ បានចេញផ្សាយរួចជាស្រេច។ សារព័ត៌មានមួយចំនួនទៀត ដែលមាននិន្នការ ស្និតនឹងរដ្ឋាភិបាលលោក ក៏ត្រូវបានលោក ហ៊ុន សែន លើកយកមកសរសើរ ដូចគ្នាដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបន្តថា ផ្ទុយទៅវិញ ដើម្បីទទួលបានព័ត៌មានដូចគ្នា ដែលចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ «AKP» គេត្រូវរង់ចាំរហូតដល់យប់ ឬអាចត្រូវរង់ចាំ រហូតដល់សប្ដាហ៍ខាងមុខ ក៏មានដែរ៕