កម្ពុជា

ហ៊ុន សែន អះអាងថា​នឹង​«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»​ដាច់ខាត

មេដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងក្នុងព្រឹកថ្ងៃនេះថា លោកនឹង«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»កម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកថា លោកមិនមានសញ្ជាតិបរទេស ដើម្បីអាចរត់ទៅបរទេសបានទេ បើទោះក្នុងពេលកន្លងមក លោកអាចចាកចេញ ទៅប្រទេសទីបីនោះក៏ដោយ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម «Chengdu Bayi – Cambodia» ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក ហ៊ុន សែន បានរំលឹកថា បើលោកចាកចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម គឺដើម្បីស្វែងរកការសង្គ្រោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោកថា ពេលលោកចាប់ផ្ដើមដំបូង មានគ្នាតែប្រាំនាក់ តែសព្វថ្ងៃនេះ លោកមានមនុស្ស៥លាននាក់គាំទ្រលោក ដោយលោកសំអាង ពីតួលេខនៃចំនួនសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានក្នុងពេលនេះ។

កាលពីប៉ុន្មានថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន បានថ្លែងការពារការនិរទេសខ្លួន របស់លោក (សម រង្ស៊ី) ដោយយកករណីរបស់លោក ហ៊ុន សែន ដែលចាកចេញពីកម្ពុជា ចូលទៅក្នុងប្រទេសវៀតណាម មកបញ្ជាក់។

ប្រធានស្ដីទីគណបក្សប្រឆាំង បានពន្យល់ថា ការចាកចេញរបស់លោក ហ៊ុន សែន នៅពេលនោះ មិនមែនជាការស្វែង​រកការជួយសង្គ្រោះពលរដ្ឋ ឬប្រទេសអ្វីទេ តែគឺដើម្បីគេចចេញ ពីការធ្វើទុក្ខបុកម្នេញ របស់ប៉ុលពត។

យ៉ាងណា លោក ហ៊ុន សែន បានអះអាងដោយខ្លួនលោកថា ពេលដែលរបបដឹកនាំរបស់លោក រងការវាយប្រហារ ពីសំណាក់កងទ័ពត្រីភាគី (ខ្មែរក្រហម-សឺនសាន-សីហនុ) ដែលមានការគាំទ្រពីបរទេសនោះ គឺលោកនៅតែចុះជាប់ នៅសមរភូមិជួរមុខ ជាមួយកងទ័ពជានិច្ចជាកាល៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។