កម្ពុជា

ហ៊ុន សែន អះអាងថាពូជលោក មិនដែលមាន«ជំងឺខួរក្បាល»ទេ

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានថ្លែងចំអក ឲ្យក្រុមអ្នកនយោបាយប្រឆាំង ដែលលោកអះអាងថា រង់ចាំឲ្យលោកស្លាប់នោះ ថា«សូមរង់ចាំជាតិក្រោយចុះអូន» ដោយលោកអះអាងថា ពូជរបស់លោក តាំងពីជីដូនជីតាមក មិនដែលមាននរណាម្នាក់ មាន«ជំងឺខួរក្បាល»នោះទេ។

ថ្លែងនៅចំពោះកម្មករ-កម្មការិនីច្រើននាក់ នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន បានអួតអាងទៀតថា លោកមិនងាយស្លាប់ឡើយ ហើយអ្វីដែលក្រុមអ្នកនយោបាយប្រឆាំង កាន់តែមិនដឹងពីលោកនោះ គឺមិនដឹងថា លោកគិតពីអ្វី ឬថាតើលោកត្រូវងាកឆ្វេង ឬងាកស្ដាំ។

បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖

«ហើយឃើញខ្ញុំញើសសំបោរនេះ គេថាខ្ញុំឈឺទៀតហើយ! យី អានេះ (…)បើរង់ចាំ ហ៊ុន សែន ងាប់ ដើម្បីបង្កើតឲ្យមានចលនាតស៊ូ គ្រប់គ្រងដណ្ដើមតំណែង រង់ចាំជាតិក្រោយទៅ។ ហ៊ុន សែន មិនងាយងាប់ទេ។ ហើយពូជ ហ៊ុន សែន គ្មាននរណាមួយមាន”ជំងឺខួរក្បាល”ទេ។ តាំងពីជីដូនជីតា ឪពុកម្ដាយមក អត់មាននរណា មានជំងឺដ៏គួរឲ្យតក់ស្លុតទេ។»

«ពិបាកណាស់ ព្រោះមិនដឹងថា លោក ហ៊ុន សែន គាត់កំពុងងាកឆ្វេង ឬងាកស្ដាំ នេះហើយជាបញ្ហា។ ដែលអ្នកឯងរហូតដល់ថ្ងៃងាប់ទៀត ក៏អ្នកឯងនៅតែមិនយល់ពី ហ៊ុន សែន។ ប៉ុន្តែ ងាកឆ្វេង ឬងេកស្ដាំ ប្រទេសនេះមិនបានក្រឡាប់ចាក់ ដោយសារការងាកទៅមុខ ឬទៅក្រោយរបស់ ហ៊ុន សែន នោះទេ មិនដែលទេ។ មានតែដំណើរទៅមុខ បន្តិចម្ដងៗ។»

លោក ហ៊ុន សែន មិនបានបង្ហាញខ្លួនជាសាធារណៈ អស់រយៈពេល២០ថ្ងៃគត់ រាប់ពីចុងខែកន្លងមក។ លោកទើបនឹងបង្ហាញខ្លួនឡើងវិញ កាលពីចុងសប្ដាហ៍មុន ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារ ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃនេះប៉ុណ្ណោះ។

អវត្តមានខុសប្រក្រតីនេះ ត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ អះអាងស្រង់ប្រភពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មកបញ្ជាក់ថា លោក ហ៊ុន សែន មានជំងឺរលាកឆ្អឹងចង្កេះធ្ងន់ធ្ងរ ដែលចាំបាច់ ត្រូវសម្រាកជាប់​នៅលើគ្រែ​មួយរយៈ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។