កម្ពុជា

ហ៊ុន សែន អះអាងថា នឹងមិន​«បិទបណ្ដាញសង្គម»​នៅកម្ពុជា​ដាច់ខាត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នៅក្នុងរយៈពេល​នៃការកាន់អំណាចរបស់លោក លោកនឹងមិនបញ្ជាឲ្យ«បិទបណ្ដាញសង្គម»នៅកម្ពុជាជាដាច់ខាត។ បណ្ដាញសង្គមដែលលោកនាយករដ្ឋមន្ត្រីអះអាងនោះ មានជាអាទិ៍ ដូចជា ហ្វេសប៊ុកជាដើម។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន បានអះអាងថា លោកគាំពារ និងការពារភាពរីកចម្រើនរបស់ពលរដ្ឋ ជុំវិញការប្រើប្រាស់បណ្ដាញសង្គម។

បុរសខ្លាំងកម្ពុជាបានថ្លែងឡើងថា៖

«ខ្ញុំជាអ្នកលេងហ្វេសប៊ុកម្នាក់ដែរ គ្មានរឿងអីទៅបិទហ្វេសប៊ុកទេ។»

ការលើកឡើងដូច្នេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការបង្ហោះសាររបស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលលើកឡើងថា លោក ហ៊ុន សែន ព្រមានបិទសកម្មភាពហ្វេសប៊ុកទាំងអស់នៅកម្ពុជា ដោយសារដឹងថា ក្រុមហ៊ុនហ្វេសប៊ុកមានគម្រោងបិទគណនីរបស់គាត់។

កាលពីលើកឡើងរបស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីមានសារមួយបង្ហោះ នៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ក្នុងថ្ងៃទី២៥ ខែកុម្ភៈដដែល ដូច្នេះថា៖

«ក្រុមហ៊ុន ហ្វេសប៊ុក បានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ”។»

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បានចេញមកអះអាងវិញថា សារនោះត្រូវបានបង្ហោះចេញ ដោយឧក្រិដ្ឋជនអ៊ិនធើណែត (Hacker) ដែលបានចូលមកលួចទំព័រហ្វេសប៊ុករបស់លោក យកទៅគ្រប់គ្រង់ក្នុងមួយរយៈពេលខ្លី។ ការអះអាងនេះ ក៏ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកអះអាងដែរថា ពិតជាមានចោរ​ចូលទៅកាន់កាប់ ទំព័រនាយករដ្ឋមន្ត្រីកម្ពុជា ដូច្នេះមែន៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។