កម្ពុជា

ហ៊ុន សែន អះអាង​ចាត់វិធានការ​ទប់ទល់​ទណ្ឌកម្ម​អាមេរិក-អ៊ឺរ៉ុប

បុរសខ្លាំងកម្ពុជា បានប្រកាសថា លោកកំពុងចាត់វិធានការ ដើម្បីទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ក្រោមអ្វីមួយ ដែលលោកហៅថា ជា«យុទ្ធនាការពង្រឹងឯករាជ្យ របស់កម្ពុជា»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុង​ពិធី​ជួប​ជា​មួយ​ក្រុម​អ្នក​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ២០១៩នេះ ដោយ​​លោកបានអះអាងថា ​លោក​បាន​ជួប​ពិភាក្សា ពីយុទ្ធនាការនេះ ​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ លោក អូន ព័ន្ធ​មុនី​រ័ត្ន។

ការលើកឡើង របស់មេដឹកនាំកម្ពុជា មានលក្ខណៈផ្ទុយ នឹងទង្វើជាក់ស្ដែង របស់​រដ្ឋាភិបាលកម្ពុជា ដែលក្នុងពេលកន្លងមក បានបញ្ជូនបេសកជនពិសេស ជាច្រើននាក់ ឲ្យធ្វើបេសកកម្មជាច្រើនដង ទៅកាន់សហភាពអ៊ឺរ៉ុប ដើម្បីពន្យល់ (និងបញ្ចុះបញ្ចូល) កុំឲ្យមានការដាក់ទណ្ឌកម្ម លើប្រទេសកម្ពុជា។

កាលពីប៉ុន្មានខែមុន លោក ហ៊ុន សែន ខ្លួនលោក ក៏បានជួបប្រមុខការទូតអ៊ឺរ៉ុបដែរ ដើម្បីជជែក ជុំវិញការជូនដំណឹង ពីសំណាក់សហភាពអ៊ឺរ៉ុប អំពីការបើកនីតិវិធី ដែលមានរយៈពេល៦ខែ និងបន្ថែម៦ខែទៀត ដើម្បីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេស​កម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញ ពីការមិនអើពើនៃរបបដឹកនាំ របស់លោក ក្នុងការងាកត្រឡប់ មករកការដឹកនាំ បែបប្រជាធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវវិញ។

នៅរសៀលថ្ងៃនេះ លោក ហ៊ុន សែន បានអះអាងថា នោះគឺជា​ការ​រៀប​យុទ្ធសាស្ត្រ​ថ្មី ​ដើម្បី​​ទប់ទល់​ ទៅ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​របស់សហភាព​អឺរ៉ុប និងសហរដ្ឋ​អាមេរិក។ លោក​ថា ​កម្ពុជា​ដល់​ពេល​ ដែល​ខ្លួន​ត្រូវ​ពង្រឹង​​ឯករាជ្យ ឈប់​ពឹង​លើ​ «ខ្យល់​ដក​ដង្ហើម» ​របស់​ប្រទេស​ដទៃ​ ដើម្បី​រស់​ហើយ។

នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង៣ទសវត្សរ៍ បានថ្លែងឲ្យដឹងថា៖

«យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​របស់​កម្ពុជា មាន​ចំណុច​មួយ​ចំនួន​ អាច​នឹង​ជួយ​ឲ្យ​វិស័យ​ធុរៈកិច្ច​របស់​យើង ​បើ​ទោះ​បី​ជា​គ្មាន​ភាព​អនុគ្រោះ​ ក៏​កម្ពុជា​នៅ​តែ​រស់។»

«ទោះបីកម្ពុជា គ្មានការអនុគ្រោះពន្ធទំនិញ ពីអឺរ៉ុប ក៏កម្ពុជា មិនស្លាប់ដែរ។»

លោកបានបង្ហើបយកឧទាហរណ៍មួយ មកបញ្ជាក់ថា៖

«ខ្ញុំ​បាន​សម្រេច​អំបាញ់​មិញ នៅ​តាម​មាត់ច្រក​តាម​ព្រំ​ដែន ក្នុង​ការ​នាំ​ចេញ​នាំ​ចូល អត់​មាន​តម្រូវ​ការ​ ឲ្យ​មាន​ស្ថាប័ន​ណា ​ក្រៅ​ពីអន្តោប្រវេសន៍ និង​គយ​ទេ។ ឲ្យ​តែ​ពីរ​ហ្នឹង​ទេ! ក្រៅពី​នោះ ​ដក​ចេញ​ឲ្យ​អស់ ទាំង​កាំកុងត្រូល ទាំង​ស្អី​ ដក​ចេញ​ឲ្យ​អស់ ព្រោះ​អាហ្នឹង​ វា​កើត​ទៅ​ជា​ឧបសគ្គ​ នៃ​ការ​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ទៅ​វិញ​ទេ។»។

កាលពីថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ​២០១៩នេះ សមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូប បានដាក់សំណើរច្បាប់ថ្មីមួយ ដើម្បីតម្រូវឲ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trumps) លប់​ចោល​ការអនុគ្រោះពន្ធអាមេរិក ហៅកាត់ថា «GSP» ចេញពីកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ ដោយសមាជិកព្រឹទ្ធសភាពទាំងពីររូប ក៏បានឲ្យដឹងថា សំណើរសេចក្ដីព្រាងច្បាប់នោះ ត្រូវបានធ្វើឡើង ដើម្បីពង្រឹងជំហរ របស់ចំណាត់ការនៃសហភាពអ៊ឺរ៉ុបដែរ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។