នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចោទប្រកាន់ អ្នកវិភាគឯករាជ ដ៏ល្បីឈ្មោះមួយរូប គឺលោកបណ្ឌិត មាស នី ថាជា«អាយ៉ងបរទេស»។
លោក ហ៊ុន សែន បានថ្លែងឡើងដូច្នេះ ក្នុងសារពិសេសមួយ ដែលលោកធ្វើចេញ ពីវិមានសន្ដិភាព (រាជធានីភ្នំពេញ) មុននឹងមានកិច្ចប្រជុំ ប្រចាំឆមាសទី៣ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោកថា៖
«ខ្ញុំផ្តាំទៅ មាស នី គឺ មាស នី ឯងកុំជ្រុលហួស ការវិភាគរបស់ មាស នី ឯងមិនមែនជាខ្មែរទេ គួរតែជាជនជាតិបរទេសវាត្រឹមត្រូវជាង។ ខ្ញុំហ៊ានវាយតម្លៃ អ្នកឯងគឺជាអាយ៉ងបរទេសពិតប្រាកដ មិនមែនជាខ្មែរទេ […] ហើយអ្នកឯង មិនអាចក្លាយជា មេដឹកនាំកម្ពុជាបានទេ។»
បុរសខ្លាំងកម្ពុជា បានបន្តលើកឡើងថា លោក មាស នី រួមនឹងអ្នកបណ្ដាអ្នកវិភាគឯករាជផ្សេងទៀត មិនមានចំណេះដឹង ស្មើនឹងកូនចៅរបស់លោកផងទេ និងស្នើឲ្យអ្នកវិភាគទាំងនោះ ត្រូវរៀនសូត្របន្ថែមទៀត មុននឹងធ្វើការវិភាគ ជាពិសេស បើសិនជាធ្វើការវិភាគ ទាក់ទងនឹងកិច្ចការការបរទេស។
ក្នុងពេលភ្លាមៗ លោក មាស នី មិនមានប្រតិកម្មតប នឹងការថ្លែងរបស់លោក ហ៊ុន សែន ខាងលើទេ។ ប៉ុន្តែក្នុងការឆ្លើយតបមុនៗ អ្នកវិភាគល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា លោកគ្រាន់តែយកទស្សនកម្មនានា មករំលឹកដល់រដ្ឋាភិបាល និងលោក ហ៊ុន សែន ប៉ុណ្ណោះ។ លោកថា លោកគ្មានបំណងធ្វើការវិភាគ ដើម្បីដណ្ដើមអំណាច ឬលាភសង្ការៈអ្វីឡើយ៕