កម្ពុជា

ហ៊ុន សែន បន្ទោស​អភិបាល​ខេត្ត-ក្រុង ថាមិនប្រើ​អំណាច​ផ្អាកមង្គលការ

នាយករដ្ឋមន្ត្រីនៅកម្ពុជា លោក ហ៊ុន សែន បានចេញសារ បន្ទោស​អភិបាល​ខេត្ត-ក្រុង ដែលលោកថាបាន​ផ្ដល់សិទ្ធិ និងអំណាចឲ្យ ដើម្បីចាត់វិធានការ​ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19)។ នេះបើតាម​សារសំឡេងមួយ ដែលបុរសខ្លាំងបានបង្ហោះ នៅលើបណ្ដាញសង្គម ក្នុងរសៀល​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។

តាមរយៈសារសំឡេងនោះ លោក ហ៊ុន សែន បានថ្លែងឡើងថា បើទោះលោកបានផ្តល់សិទ្ធិ និងអំណាច​ដល់​ពួកគេ​ក៏ដោយ ក៏អភិបាល​រាជធានី-ខេត្តទាំងនោះ មិនទាន់ចាត់វិធានការនៅឡើយ ក្នុងការសម្រេចបិទ​នូវសកម្មភាព​សង្គម​ផ្សេងៗ ដែលបង្កឲ្យមាន​ការចម្លង ពីអ្នកមានជំងឺកូវីដ១៩ ដែលទៅចូលរួមក្នុងពិធីទាំងនោះ ទៅកាន់អ្នកចូលរួម​ផ្សេងទៀត ជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីបានថ្លែងឡើងថា៖

«ការរៀបអាពាហ៍ពិពាហ៍ តែងកើតឡើងនូវហានិភ័យ ដូចជាករណីថ្មីៗ គឺកើតឡើងនៅខេត្តតាកែវ ហើយក៏មាន​អ្នក​ចូលរួមស៊ីការ ពីកន្លែងមួយ ទៅកន្លែងមួយ។ ដូច្នេះ បញ្ហានេះសុំឲ្យបណ្ដាខេត្តធ្វើការពិចារណា អំពីការបិទ ការផ្អាក​ការរៀបចំណាមួយ តាមសេចក្ដីសម្រេចរបស់ខេត្ត។»

«រឿងនេះ ខ្ញុំបានប្រគល់សិទ្ធិ ទៅដល់ឯកឧត្ដមលោកជំទាវស្រេចទៅហើយ នៅឡើយតែឯកឧត្ដមលោកជំទាវ ចេះប្រើប្រាស់នូវសិទ្ធិ ដែលខ្ញុំបានផ្ដល់នោះ របៀបណាតែប៉ុណ្ណោះ។»

បន្ទាប់មក លោក ហ៊ុន សែន បានដាក់បញ្ជាឡើងថា៖

«សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ ពីសំណាក់​ប្រជាពលរដ្ឋ ទៅលើការផ្អាកជាបណ្តោះអាសន្ន នូវការរៀបមង្គលការជាដើម៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។