សូមប្រជាពលរដ្ឋ «រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ» ដោយត្រូវជម្លៀសខ្លួន ទៅរកទីទួលសុវត្ថិភាព។ នេះ ជាការលើកឡើងមេដឹកនាំកម្ពុជា ដើម្បីឆ្លើយតបនឹងវិបត្តិទឹកជំនន់ ដែលកំពុងញាំញីខេត្តមួយចំនួន ស្ថិតនៅភាគខាងជើង និងភាគពាយ័ព្យ នៃប្រទេស។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងសារមួយ ដែលលោកបង្ហោះនៅលើទំព័រហ្វេសប៊ុក កាលពីប៉ុន្មាននាទីមុន។ លោកលើកឡើងថា ប្រទេសកម្ពុជាទទួលភ្លៀងធ្លាក់ ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ក្នុងកម្រិតពីមធ្យមទៅច្រើន ដោយហេតុថា កម្ពុជាស្ថិតនៅក្នុងតំបន់សម្ពាធទាប និងកំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប «ITCZ»។
លោកថា ស្ថានភាពនេះ «បណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ ដោយសារទឹកភ្លៀងជាបន្តបន្ទាប់» និង«ចំនុចមួយចំនួន នៅលើដងផ្លូវជាតិលេខ៥ ត្រូវបានលិចដោយទឹកជំនន់» ហើយត្រូវបានបិទ ជាបណ្ដោះអាសន្ន។
បុរសខ្លាំង ដែលកាន់អំណាចយូរជាងគេ នៅទ្វីបអាស៊ី បានសរសេរថា៖
«ដោយហេតុនេះ សូមប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ត្រូវជម្លៀស(ខ្លួន ទៅ)រកទីទួលសុវត្ថិភាព។»
«ជាមួយគ្នានោះ សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ សង្គ្រោះបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំង ក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា (…)៕»