កម្ពុជា

ហ៊ុន សែន ប្រកាស​រៃអង្គាស​ថវិកា សម្រាប់​គ្រួសារ​នៃជន​រងគ្រោះ

បន្ទាប់ពីត្រឡប់ពីកិច្ចប្រជុំកំពូល នៃសមាគមអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅមុននេះ អំពាវនាវឲ្យមានការជួយជាថវិកា សម្រាប់​គ្រួសារ​នៃជន​រងគ្រោះ នៅក្នុងហេតុការណ៍រលំបាក់អគារ កំពស់៧ជាន់ កាលពីព្រឹកថ្ងៃសៅរ៍។

ការអំពាវនាវរបស់លោក ហ៊ុន សែន ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយលោកបានបញ្ជាក់ថា លោកកំពុងធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងការរុករកជនរងគ្រោះ ជាមួយនឹងក្រុមអ្នកសង្គ្រោះច្រើនសិបនាក់ ដែលកំពុងបន្តការរុករករបស់ពួកគេ។

នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរឡើងថា៖

«ពេលនេះ ខ្ញុំកំពុងធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្រ្គាះជាបន្ត ជាមួយបងប្អូន ដែលកំពុងធ្វើការ នៅទីនោះស្រាប់។ ខ្ញុំសុំអំពាវនាវ ចំពោះសប្បុរសជន មេត្តាជួយជាថវិកា ដល់គ្រួសារនៃអ្នកបាត់បង់ជិវិត និងអ្នករបួស ក្នុងហេតុការណ៍នេះ។»

តុល្យភាពជាថ្មីទៀត ដែលផ្ដល់ដោយសាលាខេត្តព្រះសីហនុ ក្នុងល្ងាចថ្ងៃអាទិត្យនេះ បានបន្តបន្ថែមតួលេខ នៃចំនួនជនរងគ្រោះ ក្នុងហេតុការណ៍ខាងលើ ដោយមនុស្សស្លាប់បានកើនឡើង ដល់ចំនួន១៨នាក់ ខណៈមនុស្សរងរបួស មានចំនួន២៤នាក់ដដែល។ កាលពីព្រឹកម៉ិញ សាលាខេត្ត បានអះអាងថា ចំនួនមនុស្សស្លាប់ មាន​១៧នាក់។

កាលពីយប់ថ្ងៃសៅរ៍​ម្សិលម៉ិញ លោក ហ៊ុន សែន បានសរសេរពីរាជធានី បាងកង (ទីកន្លែង នៃកិច្ចប្រជុំកំពូលអាស៊ាន) សំដែងការសោកស្ដាយ ចំពោះហេតុការណ៍នេះ និងបានទម្លាក់កំហុស ទៅលើការធ្វេសប្រហែស របស់ក្រុមហ៊ុនសំណង់របស់ចិន ដែលទទួលបន្ទុក​សាងសង់​អគារនេះ។

បុរសខ្លាំងកម្ពុជា បានសសេរនៅលើបណ្ដាញសង្គមថា៖

«ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារ​កាធ្វេសប្រហែស របស់ក្រុមហ៊ុនសាងសង់ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។»

លោក ហ៊ុន សែន ថែមទាំងបានប្រកាស (ក្នុងយប់ថ្ងៃសៅរ៍) សម្រេចយកថវិកាជាតិ ជួយឧបត្ថម្ភ ដល់ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ដោយគ្រួសារអ្នកស្លាប់ ទទួលបានប្រាក់៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល ព្រមទាំងទទួលបានការព្យាបាល ដោយឥតគិតថ្លៃ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។