កម្ពុជា

ហ៊ុន សែន ទទួលស្គាល់​ការផ្អាក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី មកពី«បញ្ហា​សុខភាព»?

ផ្ទុយពីអ្នកនាំពាក្យ ដែលអះអាងថា ការផ្អាកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីចុងសប្ដាហ៍មុន មិនពាក់ព័ន្ធនឹងបញ្ហាសុខភាព របស់នាយករដ្ឋមន្ត្រីនោះ នៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានចេញមកអះអាង ដែលធ្វើឲ្យគេយល់ថា ការផ្អាកកិច្ចប្រជុំនោះ គឺពិតជាបណ្ដាល មកពី«បញ្ហា​សុខភាព»របស់លោក។

បុរសខ្លាំងកម្ពុជា បានប្រើទំព័រហ្វេសប៊ុករបស់លោក សរសេរឲ្យគេឯងដឹងថា៖

«មកទល់ថ្ងៃ[ពុធ]នេះ សុខភាពខ្ញុំ (គ្រេចស្មា) ក៏កាន់តែល្អប្រសើររឹងមាំ មានកម្លាំងថាមពលពេញលេញ ក្នុងការបំពេញការងារជូនជាតិ។ នៅថ្ងៃ សុក្រទី ២ ខែសីហា [ខាងមុខ]នេះ ខ្ញុំនឹងដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្រ្តី​ពេញអង្គ ដូចធម្មតា»

កាលពីសប្ដាហ៍មុន ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រកាស​លើក​ពេល​កិច្ច​ប្រជុំ​ពេញអង្គ នៃ​គណៈរដ្ឋមន្ត្រី​ ប្រចាំ​សប្ដាហ៍ ​ដែល​គ្រោងប្រជុំ​ នៅ​ថ្ងៃ​សុក្រ​ទី​២៦ ខែ​កក្កដា ទៅ​ប្រជុំ​នៅ​ពេល​ក្រោយ​ និង​មិនបាន​កំណត់ពេល និង​មិន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ត្រូវបានស្រង់សំដី មកអះអាងថា ការ​លើក​ពេល​នៃ​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី​ នៅពេលនោះ ​មិនជា​ប់ពាក់ព័ន្ធ ​នឹង«បញ្ហា​សុខភាព» ​របស់​លោក ហ៊ុន សែន នោះ​ឡើយ។ លោក ស៊ីផាន ថែមទាំងបាន​ចាត់ទុក​នរណា​ក៏ដោយ ដែល«ប្រមាថម៉ាក់ងាយ» និង«បំប៉ោងព័ត៌មាន» ពីរឿងនេះ ថាជាមនុស្ស«ចង្រៃ»៕

សុខសប្បាយជាទេបងប្អូនជនរួមជាតិ? មកទល់ថ្ងៃនេះ សុខភាពខ្ញុំ (គ្រេចស្មា)…

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, July 30, 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។