កម្ពុជា

សិទ្ធិមនុស្ស៖ កម្ពុជា​ថាជា​«នយោបាយនីយកម្ម» អាមេរិក​ថាជា​«ឧបសគ្គ»

បើ​តាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានកម្ពុជា បានបរិហារថា គេ​​កំពុង​​ធ្វើ​«នយោបាយនីយកម្ម»​ លើ​បញ្ហា​ព្រហ្មទណ្ឌ​ នៅ​ពេល​​គេ​​លើក ​ពីបញ្ហាលោក ម៉ម សូណង់ដូ ​នាយក​​វិទ្យុ​សំបុក​ឃ្មុំ ថាជា​អ្នកទោស​នយោបាយ​។ តែ​សម្រាប់​ទីប្រឹក្សា​សន្តិសុខ​​ជាតិ​​អាមេរិក លោក ប៊េន រ៉ូដេស (Ben Rhodes) វិញ បានអះអាងថា ការរំលោភសិទ្ធិមនុស្ស ជា​«ឧបសគ្គ» នៃ​ជម្រៅ​ទំនាក់ទំនង​ទ្វេភាគី អាមេរិក និង​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​និយាយរម្លឹកឡើងវិញដូច្នេះ នា​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០១២ បន្ទាប់ពីសន្និសិតកាសែត ស្ដីពី​ជំនួបទ្វេ​ភាគី កម្ពុជា-អាមេរិក ត្រូវបានធ្វើម្ដង​រួចមកហើយ ដោយ​លោក ប្រាក់ សុខុន កាលល្ងាចម្សិលម៉ិញ នៅមណ្ឌល​ព័ត៌មាន (វិមានសន្តិភាព) ​ដដែលនេះ។

លោក ខៀវ កាញារីទ្ធ បានស្រង់​សម្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅនឹង ការលើកឡើង របស់ប្រធានាធិបតី​​អាមេរិក លោក បារ៉ាក់ អូបាម៉ា ​ទាក់ទង​សំនុំ​រឿង​នាយកវិទ្យុសម្បុកឃ្មុំ មកបញ្ជាក់​យ៉ាងដូច្នេះថា «លោក ម៉ម សូណង់ដូ មិន​មែនជាប់ទោស​ ក្នុង​នាម​​ជា​អ្នក​​សារព័ត៌មាន​​ទេ»។

លោក​រដ្ឋមន្ត្រី ​បានបញ្ជាក់ជាថ្មី ពីការជួបគ្នា​រវាង លោក បារ៉ាក់ អូ​បា​ម៉ា និង​លោក ហ៊ុន សែន ថា​បាន​​ស្វែង​យល់ ​ពី​គ្នា​​ទៅវិញ​ទៅមក ដែល​នេះ​ជា​ចំណុច​ចាប់ផ្តើម ​ទំនាក់ទំនង​គ្នា​មួយ​ដ៍​ល្អ​ សម្រាប់​ឆ្ពោះ ទៅ​​ថ្ងៃ​​អនាគត។ លោក​បាន​ពន្យល់​ថា៖

«គឺ​ល្អ​ណាស់ មិន​ដូច​ក្រុម​ប្រឆាំង​ខ្លះ បាន​លើកឡើងថា លោក អូ​បា​ម៉ា មកជួប​​តែ​២០​នាទី​​ប៉ុណ្ណោះ​ នោះ​ទេ។ តាមពិត​​ជំនួប​នេះ​ មាន​​ដល់​​ទៅ ៤០នាទី (…) ចំណែក ឯ​​បញ្ហា​​សិទ្ធិ​មនុស្ស គ្រាន់​តែ​​​ជា​​បញ្ហា​​តូច​​មួយ​​​ប៉ុណ្ណោះ។»

«នយោបាយនីយកម្ម» VS «ឧបសគ្គ»

ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ មានលក្ខណៈផ្ទុយ នឹងការលើកឡើងរបស់ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ប៊េន រ៉ូដេស ដែលថាលោក បារ៉ាក់ អូបាម៉ា បាន​បញ្ជាក់ ក្នុង​«ជំនួប​ដ៏​តឹងតែង» ជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ថា​ការ​រំលោភ​សិទ្ធិ​មនុស្ស ជា​«ឧបសគ្គ» ទៅ​ដល់​ជម្រៅ នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី អាមេរិក និង​កម្ពុជា។

ជំនួបទ្វេភាគី ទល់មុខ រវាងលោកប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រីខ្មែរ បានធ្វើ​ឡើង ក្នុង​ដណើរ​មក​ចូល​រួម ក្នុងជំនួបកំពូល នៅរាជធានីភ្នំពេញ រៀបចំដោយ​ប្រទេស​កម្ពុជា នៅក្រោយ តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ពី​ដំណើរ​ទស្សនកិច្ច របស់​លោក​ប្រធានាធិបតី នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា។

ឆ្លើយតប នឹង​ការ​សាក​សួរ របស់​ទីភ្នាក់ងារ​ពត៌មាន​បារាំង (AFP) លោក ប៊េន រ៉ូដេស បាន​លើក​ឡើង​ថា លោក​ប្រធានាធិបតី​អាមេរិក បាន​សង្កត់​ធ្ងន់​យ៉ាង​សំខាន់ ទៅលើ «បញ្ហាសិទ្ធិមនុស្ស» ជាមួយ​នឹង​ដៃគូ​សន្ទនា របស់​លោក។

ប្រធានាធិបតី​អាមេរិក បានលើកបញ្ជាក់ ទៅលោកហ៊ុន សែន ពីសារសំខាន់ នៃការបោះឆ្នោត ត្រឹមត្រូវ​និង​សេរី និង​ការ​ដោះ​​លែង​ អ្នក​ទោស​នយោបាយ។ តែ​ភាគី​កម្ពុជា បាន​ច្រាន​ចោល ពីរាល់​ការ​ចោទ​ប្រកាន់​ទាំង​នេះ ដោយ​ថា ខ្លួន​កំពុង​​រងគ្រោះ នឹង​​«យុទ្ធនាការ​មូល​បង្កាច់​ការពិត»។

ទាក់ទង នឹងអ្នកទោសនយោបាយ លោក អូបាម៉ា បានលើកយកករណី ចំឈ្មោះ​មួយ មក​និយាយ គឺ​លោក ម៉ម សូណង់ដូ នាយក​​វិទ្យុ​ក្នុង​ស្រុក​​ឈ្មោះ​«សំបុកឃ្មុំ» ដែលត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កាត់​ទោស​​អោយ​ជាប់​ពន្ធនាគា ចំនួន២០ឆ្នាំ ពីបទបង្កើត​​តំបន់​​អប្បគមន៍ ក្នុង​ខេត្តក្រចេះ។

លោក ប៊េន រ៉ូដេស បានបញ្ជាក់ថា នៅពេលចាប់ផ្ដើមជំនួប លោក បារ៉ាក់ អូបាម៉ា បាន​និយាយ​ទៅ​កាន់​លោក​ ហ៊ុន សែន ពី​ដំណើរទស្សនកិច្ច របស់លោក នៅប្រទេសភូមា ដើម្បីជាឧទាហរណ៍មួយ ដែល​ថា​ប្រទេស​នេះ កំពុង​ស្ថិត​ក្នុង​ដំណើរ​ដើរ​​ទៅ​មុខ នៃការ​កែ​ទម្រង់​នយោបាយ និង​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​គូរ​តែ​យក​គំរូ​តាម។

តែក្នុង​សន្និសីទ​កាសែត ក្រោយ​​ជំនួប​ល្ងាច​ថ្ងៃទី១៩ វិច្ឆិកា​នោះ​ដដែល លោក ប្រាក់​ សុខុន បានថ្លែង ដោយ​ទំនង​ជា​ចង់​តប​ទៅ​នឹង ការ​លើក​ឡើង​ខាង​លើ​​របស់​​លោក អូបាម៉ា​ យ៉ាង​​ដូច្នេះ​ថា៖

«ប្រទេសធំៗ​មួយ​ចំនួន បាន​មក​ពឹង សុំ​សម្ដេច​តេជោ ទៅនិយាយ​ជាមួយ រដ្ឋាភិបាល​មីយ៉ានម៉ា អោយ​​ធ្វើការ​កែទម្រង់ (…) ដោយ​ឥឡូវ​នេះ តាម​រយៈយុទ្ធនាកា​រមួល​បង្កាច់នេះ ហាក់​ដូចជា​​កម្ពុជា ឥឡូវ​​ក្លាយ​ទៅ​ជា​កូន​សិស្ស ដែលអាក្រក់​ជាង​​មីយ៉ាន់ម៉ា​ទៅវិញ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។