កម្ពុជា

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំអកឲ្យ សម រង្ស៊ី ថា​«ភូតច្រើន ច្រើនចាញ់អាត្មា»

គណបក្សមួយដែលចូលប្រឡូក ក្នុងការបោះឆ្នោតជាតិបានម្ដង បានយកពាក្យសំដីរបស់លោក សម រង្ស៊ី មកចំអកឲ្យមេដឹកនាំប្រឆាំងវិញថា «ភូតច្រើន ច្រើនចាញ់អាត្មា»។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងដូច្នេះ តាមបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន ដោយអមមកជាមួយ នូវរូបថតលោក សម រង្ស៊ី និងសំណេររបស់លោកមួយមកបញ្ជាក់ផង។

គណបក្សនេះបានស្រង់ការលើកឡើងរបស់មេដឹកនាំប្រឆាំង មកសរសេរខ្លីៗថា៖

«ឆ្នាំ២០១៨៖ “ដេកផ្ទះឈ្នះឯង”
ឆ្នាំ២០១៩៖ “ចូលស្រុកវិញដើម្បីចាប់ ហ៊ុន សែន”
ឆ្នាំ២០២០ …?»

ពាក្យមួយឃ្លា «ដេកផ្ទះឈ្នះឯង» ត្រូវបានចាត់ទុកថា ជាពាក្យរបស់លោក សម រង្ស៊ី ដែលគេឧស្សាហ៍ឃើញលោកលើកឡើង នៅក្នុងយុទ្ធនាការ«ម្រាមដៃស្អាត» ដើម្បីអំពាវនាវឲ្យពលរដ្ឋកុំចេញទៅបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំកន្លងទៅ។ ក្នុងការបោះឆ្នោតនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលចូលរួមប្រកួតប្រជែងដែរ មិនទទួលបានមួយអសនៈណាទេ។

រីឯឃ្លា «ចូលស្រុកវិញ ដើម្បីចាប់ ហ៊ុន សែន» ទើបនឹងត្រូវបានលោក សម រង្ស៊ី ប្រើប្រាស់នៅក្នុងជំនួបជាមួយអ្នកគាំទ្រ កាលពីប៉ុន្មានថ្ងៃមុន។ ពាក្យនេះ ក៏ត្រូវបានមេដឹកនាំប្រឆាំងចម្លងយកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោកដែរ។

សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឃ្លាទាំងអស់ខាងលើ ជាជំនាញរបស់លោក សម រង្ស៊ី ក្នុងការធ្វើឲ្យមហាជនចាប់អារម្មណ៍ និងជឿជាក់។ គណបក្សថ្មីមួយនេះបានរិះគន់និងចំអក ឲ្យមេដឹកនាំប្រឆាំងដូច្នេះថា៖

«គាត់ពូកែធ្វើឲ្យមហាជនចាប់អារម្មណ៍ និងជឿលើគាត់។ សុភាសិតបុរាណខ្មែរពោលថា “ភូតច្រើន ច្រើនចាញ់អាត្មា”។»

ការរិះគន់ និងចំអកខាងលើ មិនទទួលបានការស្វាគមន៍ប៉ុន្មាន ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមទេ។ ខាងក្រោមនេះ ជាការដកស្រង់នូវប្រតិកម្មមួយចំនួន៖

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។