រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅតែជា«មូលដ្ឋានគ្រឹះ» នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាល្លឺម៉ង់-កម្ពុជា។ ជាពិសេស ក្រុងប៊ែរឡាំង បានរំឭកក្រុងភ្នំពេញថា កម្ពុជាមិនពិបាក ក្នុងការកែលំអបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ដើម្បីអាចទទួលបាន កិច្ចសហប្រតិបត្តិការទាំងឡាយនោះ។
សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងអំពីប្រាក់កម្ចី ដែលរដ្ឋាភិបាលអាល្លឺម៉ង់ ផ្ដល់ឲ្យកម្ពុជា តាមរយៈគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា ដែលជាគម្រោងរួមរបស់ប្រទេសបារាំង និងសហភាពអ៊ឺរ៉ុប។ គម្រោងនោះ មានទំហំទឹកប្រាក់សរុប លើសពី៨០លានអ៊ឺរ៉ូ ក្នុងនោះប្រទេសអាល្លឺម៉ង់ នឹងចូលរួមផ្ដល់ឥណទាន ចំនួន៣០លានអ៊ឺរ៉ូ។
ការសម្រេចផ្ដល់ប្រាក់កម្ចីខាងលើ ធ្វើឡើងបន្ទាប់ពីជំនួបចរចា ដែលប្រើពេលវេលាដ៏យូរមួយ រវាងរដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងជាសមាជិកសភាអាល្លឺម៉ង់ លោក «Nobert BARTHLE» និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា លោក ឈៀង យ៉ាណារ៉ា ក្នុងរដ្ឋធានីប៊ែរឡាំង។
បើទោះជាសេចក្ដីថ្លែងការណ៍ អះអាងពីភាពជោគជ័យ នៃការចរចារវាងតំណាងរដ្ឋាភិបាលទាំងសងខាងក្ដី តែបញ្ហាចំបងដែលខ្ទាស់ ធ្វើឲ្យការចរចានេះ ប្រើរយៈពេលយូរ គឺបញ្ហានៃការគោរពសិទ្ធិមនុស្ស សិទ្ធិក្នុងសង្គម សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិចូលរួមក្នុងនយោបាយ នៅក្នុងប្រទេសកម្ពុជា។
ភាគីអាល្លឺម៉ង់ បានបញ្ជាក់ទៀតថា ប្រសិនបើរបបដឹកនាំរបស់លោក ហ៊ុន សែន អាចគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទៅតាមនិយាមអន្តរជាតិបានត្រឹមត្រូវ នោះកម្ពុជា នឹងអាចរក្សាបាននូវជំនួយនានា និងការអនុគ្រោះខាងពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប ឬហៅថា «EBA» ថែមទៀត។
លោក «Nobert BARTHLE» ត្រូវបានស្រង់សំដី មកចុះផ្សាយដូច្នេះថា៖
«បើសិនជាលំហនយោបាយ និងសង្គម ពិតជាត្រូវបានបើកចំហ កម្ពុជានឹងអាចគេចផុត ពីការបាត់បង់ នូវក្របខណ្ឌគាំពារពិសេស ផ្នែកពាណិជ្ជកម្ម (EBA)។ ច្បាប់ជាតិ និងការអនុវត្តជាក់ស្ដែង ត្រូវតែស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ដូចជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការជួបជុំ និងប្រមូលផ្ដុំ។ ខ្ញុំជឿជាក់ថា វាមិនពិបាកនឹងសម្រេចទេ។»
ពួកយើងបានសម្រេចកិច្ចការថ្មីមួយ! ការចរចាអាល្លឺម៉ង់ – កម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ2019…
Publiée par German Embassy Cambodia sur Mercredi 15 mai 2019
ក្រៅពីប្រទេសអាល្លឺម៉ង មហាអំណាចផ្សេងទៀត ក្នុងសហភាពអ៊ឺរ៉ុប សុទ្ធតែធ្លាប់បានធ្វើការក្រើនរំឭក ទៅដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យងាកមករកវិថីនៃការដឹកនាំ តាមបែបប្រជាធិបតេយ្យពិតប្រាកដវិញ។
តែម្ដងហើយម្ដងទៀត រដ្ឋាភិបាលកម្ពុជា ទោះជាតាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលក្ដី សុទ្ធតែបានប្រតិកម្មតបវិញ ហៅការក្រើនរំឭកនោះ ថាជាការលូកដៃជ្រៀចជ្រែក ចូលកិច្ចការផ្ទៃក្នុង និងអធិបតេយ្យជាតិកម្ពុជា ហើយបានពន្យុះឲ្យសហភាពអ៊ឺរ៉ុប ឬប្រទេសដទៃទៀត កាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ឲ្យកាន់តែឆាប់ថែមទៀត។
កម្មវិធីអនុគ្រោះពន្ធ «EBA» ឬហៅថា «ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ» បានធ្វើឲ្យកម្ពុជារួចផុត ពីកាតព្វកិច្ចបង់ពន្ធ ប្រមាណជាង៧រយលានអ៊ឺរ៉ូ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សហភាពអឺរ៉ុបបានសម្រេចបើកនីតិវិធី ដែលឈានទៅព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះមួយនេះ បន្ទាប់ពីរកឃើញការធ្លាក់ចុះ នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ នៅក្នុងរយៈពេល ១៨ខែចុងក្រោយ៕