កម្ពុជា

តំណែង​នាយករដ្ឋមន្ត្រី៖ ហ៊ុន សែន ប្រកាសបិទផ្លូវ ស ខេង – ទៀ បាញ់

គ្មានទេដំណើរ ឆ្ពោះទៅកាន់តំណែងជានាយករដ្ឋមន្ត្រី របស់លោក ស ខេង និងលោក ទៀ បាញ់ ដោយហេតុថា ទម្រាំលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាកចេញពីអំណាច អស់លោកទាំងពីរនាក់ មានវ័យជ្រេណាស់ហើយ។ នេះ ជាការលើកឡើងរបស់លោក ហ៊ុន សែន ដោយផ្ទាល់មាត់ ក្នុងថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។

បុរសខ្លាំងនៅកម្ពុជា បានប្រកាសឲ្យដឹង ក្នុងរយៈពេល​ប៉ុន្មានសប្ដាហ៍​ចុងក្រោយ ពីបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន ចំនួនពីរនាក់ គឺលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្លាប់ជាជំនួយការផ្ទាល់ របស់លោក។

ការប្រកាសពីបេក្ខភាព ដែលសុទ្ធសឹងជាសាច់ឈាម និងជាមនុស្សជំនិតរបស់លោកខាងលើ បានបង្កចំងល់​សម្រាប់បណ្ដា​អ្នកឃ្លាំមើល​បញ្ហានយោបាយ និងសង្គម នៅកម្ពុជា ដោយពួកគេលើកឡើងថា ហេតុអ្វីក៏គ្មានបេក្ខភាព របស់លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ?

តបនឹងចំងល់ទាំងនេះ ចម្លើយមិនពិបាករកទេ សម្រាប់លោក ហ៊ុន សែន ព្រោះទម្រាំបុរសខ្លាំងរូបនេះ ឆ្អែតឆ្អន់នឹងអំណាច ដែល​លោកអង្គុយ​ តាំងពីឆ្នាំ១៩៨៥ និងត្រៀមបន្តអង្គុយ រហូតដល់ឆ្នាំ២០២៨នោះ រដ្ឋមន្ត្រីចាស់វស្សា​ទាំងពីរនាក់ មានវ័យជ្រេ​ណាស់​ហើយ។

ថ្លែងចេញពី​គេហដ្ឋាន​របស់លោក នៅក្រុងតាខ្មៅ ខេត្តកណ្ដាល លោក ហ៊ុន សែន បានប្រកាសដូច្នេះថា៖

«​ចុះបើ​ពេលហ្នឹង [ឆ្នាំ២០២៨] ហ៊ុន សែន អាយុ​៧៨​ឆ្នាំ​ហើយ ស ខេង មិន[ជិត]៨០ ទៀ បាញ់ មិន​ជិត​៩០។ អ៊ីចឹង ឲ្យ​នៅ​ធ្វើ​ងាប់​អី​ទៀត វាមិន​ទៅ​ទាំងអស់គ្នា​តែម្តង ម៉ា​ហ្វូងទៅ​ទាំងអស់​។ ឧបនាយករដ្ឋមន្ត្រី នៅ​ក្មេង​ជាងគេ មានតែ ​អូន ព័ន្ធមុនីរ័ត្ន ​ទេ។»​

នៅឆ្នាំ២០២៨ ឆ្នាំដែលលោក ហ៊ុន សែន ប្រកាសឈប់បន្តតំណែង ជានាយករដ្ឋមន្ត្រីនោះ លោក អូន ព័ន្ធមុនីរត្ន នឹងមានអាយុ ៦៣ឆ្នាំ ដែលជាអាយុមិនក្មេងណាស់ណា ដែលខុសពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន ដែលនឹងមានអាយុ ត្រឹមតែ៥១ឆ្នាំប៉ុណ្ណោះ។

បេក្ខភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានក្រុមអ្នកវិភាគ​ពន្យល់ថា គ្រាន់តែជាឆាកកំដរមួយ ដើម្បីឲ្យការបន្តតំណែងពីលោក ហ៊ុន សែន ដោយកូនប្រុសរបស់លោក​គឺលោក ហ៊ុន ម៉ាណែត មានភាពល្អមើលប៉ុណ្ណោះ។

អ្នកវិភាគខ្លះ​ពន្យល់ទៀតថា ទោះជានរណា ​ឡើងធ្វើជា​នាយករដ្ឋមន្ត្រី​ក៏ដោយ តែអ្នករុញខ្សែញាក់ពីក្រោយ នៅតែជាលោក ហ៊ុន សែន ដដែលជាដដែល៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។