បារាំង

«Pierre Cardin»​អ្នកឆ្នៃម៉ូដ​សម្លៀកបំពាក់​ដ៏ល្បី ទទួលមរណភាព

កំពូលអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ លោក ព្យែរ៍ កាដាំង (Pierre Cardin) បានទទួលមរណភាព ក្នុងថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងជន្មាយុ៩៨ឆ្នាំ។ នេះ បើតាមក្រុមគ្រួសាររបស់លោក ដែលបានប្រកាស ពីដំណឹងដ៏ក្រៀមក្រំ នៅរសៀលថ្ងៃដដែល។

លោក ព្យែរ៍ កាដាំង ម្ចាស់យីហោ​សម្លៀកបំពាក់​ដ៏ល្បី ដែលជាឈ្មោះ​របស់លោកផ្ទាល់ បានលាចាកលោក ក្នុងវេលាពេលព្រឹក ក្នុងមន្ទីរពេទ្យ​អាមេរិកាំង ដែលស្ថិតក្នុងក្រុង «Neuilly» ភាគខាងលិច​​នៃរដ្ឋធានីប៉ារីស។ មូលហេតុនៃ​មរណភាពរបស់លោក មិនត្រូវបានបង្ហើប​ឲ្យដឹងទេ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមគ្រួសារលោក ព្យែរ៍ កាដាំង បានឲ្យដឹងថា៖

«ជាថ្ងៃដ៏សោកសៅបំផុត សម្រាប់គ្រួសាររបស់យើង ដែលបានបាត់បង់លោក ព្យែរ៍ កាដាំង។ កំពូលអ្នករចនាសម្លៀកបំពាក់រូបនេះ បានឆ្លងកាត់ជីវិតរបស់លោក សឹងតែមួយ១សតវត្សរ៍ ដោយបានបន្សល់ ទុកឲ្យប្រទេសបារាំង និងពិភពលោកទាំងមូល នូវបេតិកភ័ណ្ឌ​សិល្បៈ​គ្មានពីរ និងអ្វីៗជាច្រើនទៀត។»

ក្រុមគ្រួសាររបស់លោក បានបន្តថា៖

«យើងទាំងអស់គ្នា មានមោទនភាពខ្លាំងណាស់ ចំពោះមហិច្ឆតាដ៏ខ្ពង់ខ្ពស់​របស់លោក និងភាពក្លាហាន ដែលលោកបានបង្ហាញ ពេញមួយជីវិតរបស់គាត់។ ជាបុរសសម័យទំនើប ដែលពោរពេញដោយទេពកោសល្យ និងថាមពល ​ដែលមិនអាច​វាស់ស្ទង់បាន លោក ព្យែរ៍ កាដាំង មានភាពរវាសរវៃណាស់ ក្នុងលំហូរនៃសាកលភាវូបនីយកម្ម​សម្ភារៈ និងពាណិជ្ជកម្ម។»

លោក កាដាំង កើតនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩២២ នៅក្នុងក្រុងមួយ ជាប់ក្រុង «Venise» នៃប្រទេសអ៊ីតាលី។ នៅពេលលោក ទើបមានអាយុ២ឆ្នាំ ឪពុកម្ដាយរបស់លោក បាននាំរូបលោក ចាកចេញពីប្រទេសអ៊ីតាលី ដែលនិយមលទ្ធិហ្វាស៊ីស នៅពេលនោះ  និងមករស់នៅ ក្នុងប្រទេសបារាំង។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមគ្រួសារ បានសរសេរ ឲ្យដឹងទៀតថា៖

«មានដើមកំណើត ជាជនជាតិអ៊ីតាលី លោក ព្យែរ៍ កាដាំង មិនដែលភ្លេចជាតិដើម របស់លោកទេ ក្នុងខណៈលោកបានផ្ដល់​ជូនប្រទេស​បារាំង នូវសេចក្ដីស្នេហាដ៏ធំធេង និងគ្មានលក្ខខណ្ឌ។»

លោកចាប់ផ្ដើមការងារ នៅក្នុងវិស័យឆ្នៃម៉ូដ ក្នុងនាមជាអ្នកជំនួយការ របស់អ្នកកាត់សម្លៀកបំពាក់ម្នាក់ នៅក្នុងក្រុង «Saint-Etienne» ភាគខាងត្បូងបារាំង។ នៅក្នុងសង្គ្រាមលោក លោកបានប្ដូរការងារ មកក្នុងផ្នែក​គណនេយ្យភាព សម្រាប់កាកបាទក្រហមបារាំង ក្នុងក្រុង «Vichy» (ភាគខាងត្បូងដដែល) មុននឹងចាកចេញ មករស់នៅ​ក្នុងរដ្ឋធានីប៉ារីស ចាប់ពីឆ្នាំ១៩៤៥ (ពេលសង្គ្រាមបានចប់)។

លោកបានចូលធ្វើការ ជាមួយយីហោ «Paquin» និងយីហោ «Schiaparelli» ហើយជាពិសេស ជាមួយកំពូលយីហោ «Christian Dior» មុនបង្កើតយីហោផ្ទាល់របស់លោក ដែលដាក់ឈ្មោះលោក «Pierre Cardin» ក្នុងឆ្នាំ១៩៥០។ លោកបានចាប់ផ្ដើមចេញលក់ នូវស្នាដៃរចនាម៉ូដ របស់យីហោលោក ចាប់ពីឆ្នាំ១៩៥៣ និងត្រូវបានគេស្គាល់ថា ជាអ្នកឆ្នៃម៉ូដមួយរូប ដែលពោរពេញ ដោយគំនិតបង្កើតថ្មី (បដិវត្តសិល្បៈ) និងមិនឈប់ឈរ។

ក្រៅពីជាអ្នកឆ្នៃម៉ូដដ៏កំពូល លោក ព្យែរ៍ កាដាំង ក៏ជាអ្នកជំនួញ ដ៏អស្ចារ្យម្នាក់ដែរ។ លោកបានបង្កើតឲ្យមាន នូវប្រព័ន្ធលក់កម្មសិទ្ធិបញ្ញា (លក់ឈ្មោះ) នៅជុំវិញពិភពលោក ដែលអនុញ្ញាតឲ្យលោក កាន់តែមានភាពល្បីល្បាញ ដោយក្នុងនោះ ឈ្មោះយីហោរបស់លោក ត្រូវបានដាក់ នៅលើផលិតផលជាច្រើន ដូចជាក្រវ៉ាត់ក បារី ទឹកអប់ សម្ភារៈតុបតែងផ្ទះ ឬទឹកសុទ្ធសម្រាបផឹកជាដើម។

ក្នុងខែតុលា ឆ្នាំ២០០៩ លោក ព្យែរ៍ កាដាំង ត្រូវបានជ្រើសតាំង ឲ្យធ្វើជាអង្គទូតសុឆន្ទៈ របស់អង្គការ «UNESCO»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។