នាវាទេសចរណ៍៥គ្រឿង ដែលចុះបញ្ជីក្នុងប្រទេសកម្ពុជា បានវិលមកដល់កំពង់ផែភ្នំពេញវិញហើយ បន្ទាប់ពីត្រូវប្រទេសវៀតណាមបដិសេធ មិនអនុញ្ញាតឲ្យចូលចត។ នេះ បើតាមសេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល ដែលអះអាងថា ការវិលត្រឡប់របស់នាវាទាំងនោះ មកដល់រាជធានីភ្នំពេញវិញ ក្រោយក្រុមមន្ត្រីរកមិនឃើញថា មានភ្ញៀវណាម្នាក់បានផ្ទុកមេរោគ «កូរូណា» ឬ «Covid-19» នោះទេ។
សេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា នាវាទេសចរណ៍ទាំង ៥គ្រឿង ដែលផ្ទុកអ្នកទេសចរ និងនាវិកសរុប ២០០នាក់ ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរចេញ ពីច្រកក្អមសំណរ កាលពីថ្ងៃទី១៧ ខែមីនាម្សិលម៉ិញ ឆ្ពោះទៅកំពង់ផែអន្តរជាតិភ្នំពេញ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នាវាបួនគ្រឿង ពីចំណោមនាវាទាំងប្រាំ បានវិលមកដល់ច្រកក្អមសំណរវិញ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ខណៈនាវាមួយទៀត បានឈប់ចតនៅនឹងទីនោះរួចហើយ។
លោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា នាវារបស់លោកចំនួន៤គ្រឿង ដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំង នៅកណ្តាលទន្លេ ក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាត ឱ្យនាវាលោកចូលចត ដោយបារម្ភពីមេរោគ «Covid-19»។ លោកថា ដោយមានអន្តរាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបនាវាទាំង៤គ្រឿងនោះ បានវិលមកកម្ពុជាវិញ៕
នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី១៨ខែមិនាឆ្នាំ២០២០នេះ នាវាទាំង៥គ្រឿងដែលប្រទេសវៀតណាមមិនអនុញ្ញាតឲចូលចតនោះ…
Posted by ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK on Tuesday, March 17, 2020