កម្ពុជា

FIDH៖ ដល់ពេលហើយ ដែល​អូស្ត្រាលី​ត្រូវធ្វើ​ច្បាប់​ដាក់ពិន័យ​មេដឹកនាំ​កម្ពុជា

ដល់ពេលហើយ ! ដែលប្រទេសអូស្ត្រាលី ត្រូវបង្កើត និងអនុម័តច្បាប់ សំដៅដាក់ទណ្ឌកម្ម ទៅលើមេដឹកនាំកម្ពុជាណា ដែលរំលោភលើសិទ្ធិមនុស្ស និងប្រព្រឹត្តិអំពើរពុយរលួយ យ៉ាងធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ដែលបានផ្ញើរ ទៅកាន់គណកម្មាធិការមួយ នៃរដ្ឋសភាអូស្ត្រាលី។

ពីរដ្ឋធានីប៉ារីស (បារាំង) សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ដែលហៅកាត់ តាមភាសាបារាំង «FIDH» បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ចំនួន៣ទំព័រ ក្នុងថ្ងៃព្រហស្បត្តិ៍ទី៣០ ខែមេសានេះ គាំទ្រកោះអូស្ត្រាលី ក្នុងការពង្រឹង និងការពារសិទ្ធិមនុស្ស តាមរយៈច្បាប់មួយ ដែលនឹងដាក់​ទណ្ឌកម្ម​«មេកន្ទ្រាញ»​ទាំងឡាយ ដែលទទួលខុសត្រូវធ្ងន់ធ្ងរ ក្នុងការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយ ជាពិសេសដូចយ៉ាង បណ្ដាមេដឹកនាំសព្វថ្ងៃ របស់ប្រទេសកម្ពុជា។

សហព័ន្ធខាងលើ ដែលមានសមាជិកប្រមាណជា ១៩២អង្គការ-សមាគម មកពីបណ្ដាលប្រទេសចំនួន១១៧ នៅលើពិភពលោក បានលើកយកគំរូ មកបង្ហាញក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៃច្បាប់មួយរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា «Global Magnitsky Human Rights Accountability Act»។

តាមរយៈច្បាប់មួយនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរួចហើយ ទៅលើមន្ត្រីមានអំណាច របស់កម្ពុជា ដូចយ៉ាងលោកឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង លោកឧត្ដមសេនីយ៍ គន់ គីម និងលោកឧកញ៉ា ទ្រី ភាព ក៏ដូចជាសមាជិក​ក្រុមគ្រួសារ និងក្រុមហ៊ុន-សហគ្រាស ដែលមានជាប់ទាក់ទង​នឹង​អស់លោកទាំងនេះ។

អគ្គលេខាធិការ នៃសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ លោក «Adilur Rahman Khan» ត្រូវបានស្រង់សំដី មកអះអាង ក្នុងសេចក្ដីថ្លែងការណ៍នោះថា៖

«សមាជិកជាច្រើន នៃឥស្សរជន​ដែលកំពុងកាន់អំណាច ក្នុងប្រទេសកម្ពុជា ដែលបានទទួលខុសត្រូវ ជាយូរមកហើយ ចំពោះអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេស ត្រូវបានគេដឹងថា បានវិនិយោគទ្រព្យសម្បត្តិរបស់ពួកគេ នៅប្រទេសអូស្ត្រាលី។»

លោកបន្តថា៖

«ដល់ពេលហើយ ដែលអូស្ត្រាលីត្រូវអនុម័តច្បាប់ ដែលនឹងដាក់ទណ្ឌកម្ម ដល់សមាជិកឥស្សរជន ដែលកំពុងកាន់អំណាច ក្នុងប្រទេសកម្ពុជា ដែលទទួលខុសត្រូវ ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយបន្ថែមទៀត។»

សហព័ន្ធអន្តរជាតិ បានបញ្ជាក់បន្តថា ការអនុម័ត្រច្បាប់ថ្មីមួយ របស់កោះអូស្ត្រាលី នឹងអាចផ្ដល់ការការពារ និងការគាំទ្រ សម្រាប់បណ្ដាជនកម្ពុជា ជាពិសេសជនភៀសខ្លួន ផ្នែកនយោបាយ ដែលកំពុងរស់នៅ ក្នុងប្រទេសអូស្ត្រាលី។ បន្ថែមពីលើនេះ ច្បាប់ថ្មី​នឹងធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពរបស់អង្គការសង្គមស៊ីវិល នៅកម្ពុជា ចំពោះយន្តការដាក់ទណ្ឌកម្ម សម្រាប់ការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។

ក្រៅពីសហរដ្ឋអាមេរិក ច្បាប់នៅក្នុងទម្រង់ប្រហាក់ប្រហែលគ្នា ក៏ត្រូវបានបង្កើតឡើង និងកំពុងស្ថិតនៅជាធរមាន នៅក្នុងប្រទេសកាណាដា និងក្នុងចក្រភពអង់គ្លេសដែរ។

ក្នុងពេលភ្លាមៗ មិនមានប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា នៅឡើយទេ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏មិនអាចទាក់ទង មន្ត្រីផ្លូវការរបស់រដ្ឋាភិបាលកម្ពុជារូបណា ដើម្បីធ្វើអត្ថាធិប្បាយ ចំពោះសេចក្ដីថ្លែងការណ៍​ខាងលើ​បានដែរ។

កាលពីពេលកន្លងមក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តែងបានចំអក ត្រឡប់ទៅកាន់​វិធានការ​ផ្លូវច្បាប់​ទាំងឡាយ ដែលធ្វើឡើង សំដៅ​ដាក់ពិន័យ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ថាវាគ្មានឥទ្ធិពលអ្វី សម្រាប់កម្ពុជានោះទេ ដោយសារកម្ពុជា ជាប្រទេស​មានអធិបតេយ្យភាព។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ អ្នកស្រី «Marise Payne» រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី បានបើកការស៊ើបអង្កេតមួយ ថាតើអូស្រ្តាលី គួរតែពិនិត្យមើល ការប្រើប្រាស់ទណ្ឌកម្ម ដែលបានកំណត់ ដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស ដែរឬទេ។ ការស៊ើបអង្កេតនោះ ត្រូវបានធ្វើឡើង ដោយគណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នា របស់សភាអូស្រ្តាលី ស្តីពីកិច្ចការបរទេស ការពារជាតិ និងពាណិជ្ជកម្ម។

មកទល់នឹងថ្ងៃនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រួមគ្នា របស់សភាអូស្រ្តាលី ទទួលបានពាក្យបណ្ដឹង និងសេចក្ដីប្រកាសព័ត៌មាន ប្រមាណជាង១២០សំនុំរឿងហើយ។

សហព័ន្ថសិទ្ធិមនុស្សអន្តរជាតិបានបន្ថែម នៅចុងបញ្ចប់នៃសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖

«FIDH បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញភស្ដុតាង ពីការរំលោភសិទ្ធិ ដែលរងគ្រោះដោយប្រជាជនកម្ពុជា និងអត្ថប្រយោជន៍​ជាសក្តានុពល នៃយន្តការទណ្ឌកម្ម ក្នុងការការពារប្រជាពលរដ្ឋ ពីការរំលោភបំពានទាំងនេះ៕» 

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។