នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់ទណ្ឌកម្ម លើសេដ្ឋកិច្ចនិងមេដឹកនាំកម្ពុជា បន្ថែមទៀត។
ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» បានលើកយកមកបញ្ជាក់ នូវករណី នៃការផ្ដន្ទាទោសលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ការបិទស្ថាប័នសារព័ត៌មាន«VOD» រួមនឹងករណីបង្ក្រាបលើសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសហជីព ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។
ការអនុម័តរបស់សភាអ៊ឺរ៉ុប ទៅលើដំណោះស្រាយខាងលើ ធ្វើឡើងក្រោមសម្លេងគាំទ្រ របស់តំណាងរាស្ត្រអ៊ឺរ៉ុប ៤៩៦សម្លេង – សម្លេងប្រឆាំង ១១សម្លេង និងសម្លេងអនុប្បវាត ៣៦សម្លេង ដោយធ្វើការទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ – ការផ្ដល់អាជ្ញាប័ណឡើងវិញ ដល់សារព័ត៌មាន«VOD» – ដោះលែងរាល់អ្នកទោសមនសិការ និងបើកលំហរប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ជាពិសេស អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាំបាច់ត្រូវធានា សម្រាប់ការបោះឆ្នោតសកល ខែកក្កដាខាងមុខ ត្រូវមានភាពសេរី យុត្តិធម៌ និងអាចទទួលយកបាន ដោយមានការចូលរួម ពីគ្រប់គណបក្ស និងតួអង្គនយោបាយ។
នៅត្រង់ចំណុចទី៤ នៃដំណោះស្រាយខាងលើ សរសេរជាអាទិ៍ថា៖
«ប្រើប្រាស់មធ្យោបាយនយោបាយ ដែលមានទាំងអស់ រួមទាំងការព្យួរការអនុគ្រោះពន្ធ ‘អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms – EBA)’ របស់កម្ពុជា ប្រសិនបើការបោះឆ្នោតឆ្នាំ២០២៣ ខុសពីស្តង់ដារអន្តរជាតិ ឬការរំលោភសិទ្ធិមនុស្សនៅតែបន្ត។»
ខណៈនៅក្នុងចំណុចទី៦ សភាអ៊ឺរ៉ុបបានបញ្ជាក់ទៀតថា៖
«ជំរុញឱ្យក្រុមប្រឹក្សាអនុម័តទណ្ឌកម្ម ឲ្យចំគោលដៅនិងដោយផ្ទាល់ ក្រោមគោលនយោបាយ នៃការដាក់ទណ្ឌកម្មសិទ្ធិមនុស្សសកល របស់សហភាពអឺរ៉ុប ដើម្បីកំណត់ពីការទទួលខុសត្រូវ នៃបុគ្គលទាំងឡាយណា ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប់ពាក់ព័ន្ធនឹងការរំលាយ និងការគាបសង្កត់ជាបន្តបន្ទាប់ ទៅលើគណបក្សប្រឆាំងនៅកម្ពុជា៕»