កម្ពុជា

EU ឲ្យ​ក្រុងភ្នំពេញ​ចាត់​«វិធានការ​បន្ទាន់»​លើ​គ្រប់កង្វល់​ដើម្បី​រក្សាទុក EBA

បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ របស់គណៈប្រតិភូខ្លួន ដើម្បីជជែកជាមួយរបបដឹកនាំក្រុងភ្នំពេញ ក្នុងសប្ដាហ៍កន្លងមកនេះ សហភាពអ៊ឺរ៉ុប (EU) បានសំដែងក្ដីសង្ឃឹមរបស់ខ្លួន ចង់ឃើញរបបលោក ហ៊ុន សែន ដោះស្រាយបញ្ហាជាកង្វល់ទាំងឡាយ និងចាត់«វិធានការ​បន្ទាន់» ដើម្បីអាចរក្សាទុក​នូវប្រព័ន្ធអនុគ្រោះពន្ធ «EBA» សម្រាប់ជាប្រយោជន៍ដល់ប្រទេសកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់សហភាពអ៊ឺរ៉ុប ដែលចេញផ្សាយ​កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែមិនា ឆ្នាំ២០១៩ បានសរសេរជាអាទិ៍ថា មន្រ្តីសហភាពអ៊ឺរ៉ុប ដែលមានសមាសភាពមកពីគណៈកម្មការអឺរ៉ុប និងមកពីការិយាល័យអ៊ឺរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS) បានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២ឥ០១៩ នៅក្នុងក្របខណ្ឌនៃការបន្តកិច្ចពិភាក្សានយោបាយ ជុំវិញបញ្ហា «EBA» ជាមួយរដ្ឋាភិបាលកម្ពុជា។

គណៈប្រតិភូនោះ ដឹកនាំដោយអ្នកស្រី «Paola Pampaloni» ដែលជានាយិកាទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃការិយាល័យ «EEAS» ខាងលើ។ លោក «George Edgar» ឯកអគ្គអង្គទូតនៃសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ដែលជិតផុតអាណត្តិ ក៏មានវត្តមាន នៅក្នុងគណៈប្រតិភូនេះដែរ។

នៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច មន្រ្តីសហភាពអឺរ៉ុបបានជួបពិភាក្សា ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស – លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ គណៈប្រតិភូអ៊ឺរ៉ុប នៅបានជួប​ជាមួយក្រុមមន្ត្រី​សង្គមស៊ីវិល មន្ត្រីអង្គការសហប្រជាជាតិ និងតំណាងរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលមានវត្តមាន នៅកម្ពុជានោះផង។

សហភាពអ៊ឺរ៉ុបបានបញ្ជាក់ថា៖

«នេះជាឱកាសដំបូង សម្រាប់កិច្ចពិភាក្សា ក្នុងអំឡុងពេលនៃការតាមដាន និងវាយតម្លៃ នៃការបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ ដែលបានផ្ដល់ឲ្យប្រទេសកម្ពុជា ក្រោមកម្មវិធីមួយហៅថា “Everything But Arms (EBA)” របស់សហភាពអ៊ឺរ៉ុប។»

សេចក្ដីប្រកាសព័ត៌មាន បានសរសេរបន្តថា៖

«គណៈកម្មការអឺរ៉ុប និង “EEAS” សង្ឃឹមថា នឹងមានការរីកចម្រើន ប្រកបដោយនិរន្តភាព និងភាពជឿនលឿនទៅមុខ លើគ្រប់កង្វល់ទាំងអស់ ដែលមាននៅក្រោមលក្ខខណ្ឌ ទាំងឡាយនៃកម្មវិធី “EBA” ហើយសហភាពអ៊ឺរ៉ុប (EU) កំពុងរំពៃមើលប្រទេសកម្ពុជា ក្នុងការចាត់”វិធានការ​បន្ទាន់” ដើម្បីទទួលបានផលប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះពន្ធ “ABE”។»

» តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបបក្រុងភ្នំពេញ ដើម្បីរក្សាទុក EBA? សូមចុចអានលំអិត នៅទីនេះ

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។