កម្ពុជា

EU បន្ត​ឲ្យ​ក្រុង​ភ្នំពេញ​បើក​លំហ​ដល់​បក្ស​ប្រឆាំង សង្គមស៊ីវិល​និង​សារព័ត៌មាន

សហភាពអ៊ឺរ៉ុប «EU» អះអាងថា ខ្លួនបន្តឃ្លាំមើលស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជាយ៉ាងដិតដល់ និងបន្តទាមទារឲ្យរបបក្រុងភ្នំពេញ ត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំង សង្គមស៊ីវិល​និង​សារព័ត៌មាន បើកដំណើរការបានដោយសេរី។

នេះ បើគេបានអានលិខិតមួយ របស់លោក ភីធើ ប៊ឺស (Peter BERZ) នាយកការិយាល័យទទួលបន្ទុកពាណិជ្ជកម្ម ជាមួយតំបន់អាស៊ីបូព៌ា នៅអគ្គនាយកដ្ឋានពាណិជ្ជកម្ម នៃគណៈកម្មការអ៊ឺរ៉ុប ប្រចាំក្នុងរាជធានីព្រុយស៊ែល។

ក្នុងលិខិតចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដែលផ្ញើរទៅកាន់អ្នកស្រី មូ សុខហួរ និងដែលដាក់ឋានៈអ្នកស្រី សុខហួរ ថាជាអនុប្រធានគណបក្សសង្គ្រោះជាតិនោះ លោក ភីធើ ប៊ឺស បានអះអាងថា គឺអ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម របស់សហភាពអ៊ឺរ៉ុប ដែលជាអ្នកចាត់ឲ្យលោក ចេញលិខិតនេះ ក្នុងនាមអ្នកស្រី។

បន្ទាប់ពីអះអាង ថាបានទទួលសារលិខិត ចំនួនពីរច្បាប់របស់អ្នកស្រី មូ សុខហួរ ក្នុងអំឡុងខែមិនានោះរួច សារលិខិតរបស់លោក ភីធើ ប៊ឺស បានសរសេរសង្កត់ធ្ងន់ថា៖

«យើងសូមបញ្ជាក់សាជាថ្មីថា សហភាពអ៊ឺរ៉ុប នៅតែបន្តជម្រុញ ឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបង្កើតឱ្យមាននូវបរិយាកាសនយោបាយ ដែលគណបក្សប្រឆាំង សង្គមស៊ីវិលនិងសារព័ត៌មាន អាចមានដំណើរការបាន ដោយសេរី។»

លិខិតបន្តថា៖

«សូម[អ្នកស្រី]ធានាក្នុងចិត្តចុះថា សហភាពអឺរ៉ុបនៅតែប្តេជ្ញាចិត្ត ដើម្បីតាមដានយ៉ាងដិតដល់ អំពីរាល់ស្ថានការណ៍ នៅក្នុងប្រទេសកម្ពុជា។»

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ សហភាពអ៊ឺរ៉ុបបានបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» បន្ទាប់ពីសហភាពអ៊ឺរ៉ុបរកមិនឃើញថា របបរបស់លោក ហ៊ុន សែន បានដឹកនាំប្រទេស តាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធនោះឡើយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយសហភាពអ៊ឺរ៉ុប ពីរាជធានី ព្រុយហ្សែល របបដឹកនាំរបស់លោក ហ៊ុន សែន មានពេល៦ខែ ដើម្បីបញ្ចុះបញ្ចូលឲ្យសហភាពអ៊ឺរ៉ុប ងាកត្រឡប់ក្រោយវិញ។

ការសម្រេចខាងលើ របស់សហភាពអ៊ឺរ៉ុប ត្រូវបានក្រុងភ្នំពេញចាត់ទុកថា ជាកាយវិការ«ដ៏គឃ្លើន» ដែលរំលោភលើអធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងមន្ត្រីផ្លូវការរបស់លោកផង តែងបានធ្វើអត្ថាធិប្បាយថា របបលោកនឹងមិនខ្ចីខ្វល់ ចំពោះទណ្ឌកម្មណាមួយឡើយ ពីសំណាក់មហាអំណាចប្រជាធិបតេយ្យ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។